(មូស្គូ)៖ រដ្ឋាភិបាលរុស្ស៊ី បានអះអាងថា ខ្លួនកំពុងតែរៀបចំផែនការក្នុងការ រក្សាមូលដ្ឋានទ័ពជើងទឹក នៅទីក្រុងកំពង់ផែ Tartus ស្ថិតនៅភាគខាងលិចនៃប្រទេសស៊ីរីឲ្យនៅដដែល និងត្រៀមធ្វើវាឲ្យទៅជា មូលដ្ឋានទ័ពអចិន្ត្រៃយ៍តែម្តង សម្រាប់រក្សាវត្តមានទ័ព និងសព្វាវុធរបស់រុស្ស៊ី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាល្ងាចថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០១៦។
លោក Nikolai Pankov អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានថ្លែងដូចខាងលើនេះ បន្ទាប់ពីសារព័ត៌មាន លោកខាងលិចជាច្រើន បានសរសេរវាយប្រហារមកលើប្រទេសរុស្ស៊ី ថាជាអ្នកធ្វើឲ្យជាប់គាំងបញ្ហាស៊ីរី តាមរយៈការប្រើសិទ្ធិវេតូជំទាស់ទៅនឹង ដំណោះស្រាយបទឈប់បាញ់សម្រាប់ស៊ីរី ដែលបានស្នើឡើង ដោយភាគីបារំាង នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ៕