(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ និងអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល ជាមួយគណៈកម្មការដឹកនាំទូក (ង) និងក្រុមកីឡាករចំណុះទូក ទូទាំងខេត្តកំពង់ចាម នៅក្បែរមជ្ឈមណ្ឌល LOLC ជ្រោយចង្វារ ក៏ដូចជាពិនិត្យស្ថានភាព សុខភាពរបស់ក្រុមកីឡាករ ចំណុះទូក ដែលត្រូវមកចូលរួមប្រណាំង ដើម្បីអបអរ ក្នុងព្រះរាជពិធី បុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអុំបុក នារាជធានីភ្នំពេញ ខាងមុខនេះ។
ក្នុងឱកាសដ៏វិសេសវិសាល នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះ ខែ អកអំបុក ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ ថ្ងៃ គឺថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា លោក អ៊ុន ចាន់ដា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម និងលោកស្រី ដែលបានជួយជ្រោមជ្រែង ដល់រដ្ឋបាលខេត្ត ក្នុងការជួយឧបត្ថម្ភ ជាសម្ភារៈ ថវិកា និងគ្រឿងឧបភោគបរិភោគជាច្រើន ដើម្បីជួយផ្គត់ផ្គង់ដល់គណៈកម្មការទូក និងក្រុមកីឡាករខេត្តកំពង់ចាម។
លោកអភិបាលខេត្ត ក៏បានរំលឹកឲ្យក្រុមកីឡាករ ចេះថែរក្សាសុខភាព ហូបចុក និងសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមកម្លាំងចូលរួមប្រកួត នៅថ្ងៃស្អែក និង២ថ្ងៃ បន្តបន្ទាប់ឲ្យទទួលជោគជ័យ និងដើម្បីការពារខ្សែក្រវាត់ ដោយនាំយកជ័យជំនះថ្មី ជូនខេត្តកំពង់ចាមផងដែរ៕