(ក្រចេះ)៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងដោយសាររថយន្ដមួយគ្រឿង ដឹកឈើបើកបរក្នុងល្បឿនលឿនដូចខ្យល់ព្យុះ ហើយបានក្រឡាប់ផ្ងារកង់ ទៅមុខលែងរួច នៅយប់ថ្ងៃទី០៩ ខែតុលា ឆ្មាំ២០១៦ នៅត្រង់ចំណុចភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ មជ្ឈដ្ឋានមួយចំនួនបានរិះគន់ថា ឲ្យតែរថយន្តដឹកឈើក្រឡាប់ទៅមុខលែងរួច ទើបសមត្ថកិច្ចអាចចាប់បាន តែមិនក្រឡាប់ទេ ទំនងបើកទៅអស់ហើយ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ក្រោយពីរថយន្ដ១គ្រឿងនោះ បានក្រឡាប់គេឃើញ កម្លាំងអាវុធលើផ្ទៃប្រទេស សហការជាមួយស្នាក់ការ សន្តិសុខអាវុធហត្ថ៧០៧ស្វាយជ្រះ និង កម្លាំងជំនាញរដ្ឋបាលព្រៃឈើ បានធ្វើការចាប់ឃាត់យក រថយន្ត១គ្រឿង ម៉ាកកាមរី បាឡែន ពណ៍ទឹកប្រាក់ គ្មានស្លាកលេខ ដឹកឈើប្រភេទ លេខ១ (សុក្រម) ពេញ ដែល បានបែកកង់ក្រឡាប់ធ្លាក់ ចូលប្រឡាយទៅមុខលែងរួច ចំណែកតៃកុងរថយន្ដត្រូវបាន វាយបំបែកកញ្ចក់រត់គេចខ្លូនបាត់មុនពេលកម្លាំងចម្រុះទៅដល់ ។
សមត្ថកិច្ចបានបន្ថែមថា រថយន្តដឹកបទល្មើសខាងលើនេះ មិនដឹងកម្មសិទ្ធរបស់អ្នកណានោះទេ ដោយគ្រាន់តែដឹងថា នៅពេលដែល រថយន្ដក្រឡាប់ភ្លាម គេឃើញមាន រថយន្ដដ៏ទំនើបមួយគ្រឿងម៉ាកណាវ៉ារ៉ា បើកមករារាំង បំរុងរំដោះយករថយន្ដ ដឹកឈើដែលក្រឡាប់ តែត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសទៅទាន់ ក៏បើកគេចខ្លួនបាត់តែម្តង ប៉ុន្តែបើតាមសាក្សីនៅកន្លែងកើតហេតុ និងយោងតាមប្រភពពីប្រជាពលរដ្ឋមួយចំនួនបាន ប្រាប់ឲ្យដឹងថា រថយន្ដដឹកឈើល្មើសច្បាប់ខាងលើ គឺជាកម្មសិទ្ធិរបស់ថៅកែឈើដ៏ល្បីម្នាក់ រស់នៅ ភូមិកន្ទូត ឃុំកន្ទូត ស្រុកចិត្របូរី ខេត្តក្រចេះ ។
សមត្ថកិច្ច ដដែលបានឲ្យដឹងទៀតថា ថៅកែឈើម្នាក់ នេះដឹកឈើចេញម្តងគឺពុំមែនតែមួយរថយន្ដនោះទេគឺគាត់ ដឹកចាប់ ពីរទៅបីគ្រឿងឯនោះហើយកន្លងមកពុំដែលឃើញគេចាប់បង្ក្រាបម្ដងណាឡើយ ទើបតែពេលនេះទេដែល រថយន្ដដឹកឈើខាងលើ ចេញដំណើរដឹកបំរុងយកទៅលក់នៅប្រទេសវៀតណាមតាមផ្លូវជាតិលេខ៧ ឆ្លងកាត់ស្រុកស្នួល ជួបគ្រោះថ្នាក់ចរាចរណ៍ ស្របពេលកំលាំងអាវុធហត្ត លើផ្ទៃប្រទេសចុះប្រតិបត្តិការចាប់តែម្ដង៕