(ភ្នំពេញ)៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងឈានចូលមក​ដល់​នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ស្អែកនេះហើយ។ គ្រាដែលព្រះរាជពិធីបុណ្យអុំទូក បណ្តែត​ប្រទីប និងសំពះព្រះខែ អកអំបុក ខិតឈានចូលមកដល់ចំណុះទូកនីមួយៗកំពុង​មមាញឹកហាត់​សម ដើម្បី​ត្រៀមចូលរួមប្រកួតប្រជែង ក៏ដូចជាដណ្តើមយកជ័យជម្នះ។

ទន្ទឹមការត្រៀមលក្ខណៈប្រកួតប្រជែងហើយនោះ គណៈកម្មការ និងចំណុះទូកក៏បាន​បង្ហាញការ​ចាប់​​អារម្មណ៍ចំពោះការរៀបចំកន្លែងស្នាក់នៅ សន្តិសុខសណ្តាប់ធ្នាប់ និងការរៀបចំតុបតែងលំអរក្នុងរាជធានីភ្នំពេញផងដែរ។ ពាក់ព័ន្ធកន្លែងស្នាក់នៅគណៈកម្មការ ក៏ដូចជាចំណុះទូកបានសរសើរថា មានរោងសម្រាប់ស្នាក់នៅ មានបណ្តាញទឹកស្អាត និងបង្គន់អនាម័យគ្រប់គ្រាន់ ហើយក៏មានសន្តិសុខល្អប្រសើរផងដែរ។

ការរៀបចំដ៏ល្អប្រសើរនេះ គណៈកម្មការ ក៏ដូចជាចំណុះបានផ្តល់ពិន្ទុខ្ពស់ទៅលើការចាត់ចែង ការគិតគួរ និងការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមបញ្ជាក់ថា ព្រះរាជពិធិបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំនេះ មានទូកងចូលរួម៣៤៨ទូក និងចំណុះទូកជាកីឡាករ កីឡាការិនីសរុបជាង២ម៉ឺននាក់។

ដើម្បីឱ្យព្រះរាជពិធីនេះប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើការរបៀបចំតុបតែងលំអរ កន្លែងស្នាក់នៅ សន្តិសុខសណ្តាប់ធ្នាប់ជាដើម៕