(ភ្នំពេញ)៖ ការទុកដាក់សំរាម ក៏ផ្នែកមួយនៃការស្តែងឡើងនូវអាកប្បកិយា និងឥរិយាបថ មានន័យថាពីការប្រតិបត្តិរបស់មនុស្ស និងអំពើរបស់មនុស្ស ដែលបាននិងកំពុងប្រព្រឹត្តនៅក្នុងសង្គម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ការយល់ដឹងពីការទុកដាក់សំរាម និងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មានការប្រែប្រួលវិជ្ជមាន តាមរយៈការបង្កើតឡើងនូវបទបញ្ញតិ បទដ្ឋានគតិយុត្ត ច្បាប់នានា ស្របតាមការអភិវឌ្ឍប្រទេសជាតិ។

បើមើលតែមួយជ្រុងប្រាកដណាស់នៅមានសំរាមនៅតាម ដងផ្លូវ និងតាមប្រព័ន្ធលូបង្ហូរទឹក ដែលការគ្រប់គ្រងនៅមានកម្រិត ប៉ុន្ដែបើក្រឡេកមួយជ្រុងទៀត ផ្នែកចំណេះដឹង របស់ប្រជាពលរដ្ឋខ្លួនឯង ចាប់ផ្តើមចេះសម្អាតអនាម័យ ប្រមូល វេចខ្ចប់ ទុកដាក់ រួមទាំងការញែកសំរាម និងចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក កាន់តែច្រើន និងផុសផុលឡើងៗ។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ តាមរយៈបទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន នអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកទេសចរមកពីគ្រប់ទិសទីដែលមកលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សូមថែរក្សាអនាម័យ បរិស្ថាន និងរក្សានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យដំណើរការនៃការរៀបចំកម្មវិធីទាំងអស់ ប្រព្រឹត្តទៅដោយរលូនក្រោមបរិយាកាសសប្បាយរីករាយ។

អ្នកនាំពាក្យរូបនេះបានបន្តថា ទោះបីជានៅមានពលរដ្ឋមួយចំនួនតូច នៅមិនទាន់យល់ដឹងពីការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិកនេះក៏ដោយ ប៉ុន្តែក្រសួងបរិស្ថាន បានខិតខំអប់រំបង្កើនចំណេះដឹងថែមទៀត ចំពោះការទុកដាក់សំរាម ក្នុងនោះ បានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ គឺដើម្បីផ្សព្វផ្សាយជំរុញ ឱ្យមានការចូលរួម រក្សាបាននូវសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈភាពស្អាត គ្មានសំណល់ប្លាស្ទិកនៅតាមសាលារៀន នឹងឈានទៅគ្មានសំណល់ប្លាស្ទិកទូទាំងប្រទេស៕

សូមស្តាប់ការលើកឡើងរបស់លោក ខ្វៃ អាទិត្យា ដូចខាងក្រោម៖