(ភ្នំពេញ)៖ លោកបណ្ឌិត មាឃ បូរ៉ា ប្រធានវិទ្យាស្ថានភាសាជាតិ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានលើកឡើងថា ការសរសេរពាក្យ ទូក «ង» ឬ ទូក (ង) មិនត្រូវក្នុងបរិបទទេ ហើយលោកបណ្ឌិត​ ស្នើឲ្យប្រើពាក្យ ទូកង បែបនេះ ពីព្រោះជាបរិបទដែលទ្រទ្រង់ន័យនៃពាក្យ ទូកង តែម្តង។

ការលើកឡើងរបស់ប្រធានវិទ្យាស្ថានភាសាជាតិ បានធ្វើឡើងបន្ទាប់ពីការមានប្រើប្រាស់ដោយមិនឯកភាពគ្នាចំពោះពាក្យ ទូកង ដោយអ្នកខ្លះសរសេរ ទូក «ង» ឬ ទូក (ង) ឬ ទូក-ង ជាដើម។

លោកបណ្ឌិត មាឃ បូរ៉ា តាមរយៈបណ្តាញព័ត៌មាន Fresh News បានលើកឡើងថា «ការសរសេរទូក «ង» ឬ ទូក (ង) បែបនេះ យើងត្រូវញែកឱ្យដាច់ពីន័យនៃការប្រើអព្ភន្តរសញ្ញ និងសញ្ញាវង់ក្រចក។ យើងប្រើអព្ភន្តរសញ្ញា ដើម្បីបញ្ជាក់ពីការស្រង់សម្ដី ឬសម្រង់សេចក្ដីពីនរណាម្នាក់ ឬពីឯកសារណាមួយ។ រីឯការសញ្ញាវង់ក្រចក សម្រាប់បញ្ជាក់សេចក្ដីបន្ថែម។ ដូច្នេះការសរសេរដោយប្រើសញ្ញាទាំងពីរនេះ មិនត្រូវក្នុងបរិបទនេះទេ»

លោកបណ្ឌិត បានបន្តថា តាមវចនានុក្រម យើងក៏ឃើញពុំទាន់មានឯកភាពគ្នានៅឡើយ ដោយមានការសរសេរ ទូក-ង ឬ ទូកង បែបនេះ។

ប្រធានវិទ្យាស្ថានភាសាជាតិ បានសង្កត់ធ្ងន់ថា «ដូច្នេះជាយោបល់ផ្ទាល់ ហើយស្របជាមួយវចនានុក្រម ដែលបានប្រើកន្លងហើយដែរ យើងគួរប្រើ ទូកង បែបនេះ ពីព្រោះយើងប្រើបរិបទដែលទ្រទ្រង់ន័យនៃពាក្យ ទូកង នេះ មិនអាចច្រឡំទៅនឹង ទូកង (ទូ + កង ) ហើយប្រដាប់ប្រើក៏គ្មាន ទូកងដែរ ដូចករណី ទូសម្រាប់សៀវភៅ ទូសម្រាប់ដាក់សម្លៀកបំពាក់ ជាដើម»

សូមជម្រាបថា ថ្មីៗនេះ លោកសាស្ត្រាចារ្យជំនួយ ហ៊ុន ឈុនតេង គ្រូបង្រៀនអក្សរសាស្ត្រខ្មែរ និងភាសាវិទ្យា នៅតាមបណ្តាសាកលវិទ្យាល័យ និងជាអ្នកជំនាញសិលាចារឹកផងនោះ ក៏បានរិះគន់ ចំពោះការសរសេរពាក្យ ទូក «ង» ឬ ទូក (ង)៕