(ភ្នំពេញ)៖ លោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទក្រសួង រៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ចកា ឆ្នាំ២០២៤ ខាងមុខនេះ។
ក្នុងឆ្នាំនេះរាជរដ្ឋាភិបាលបានត្រៀមរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឱ្យបានមហោឡារិក និងអធិកអធម ដោយមានការប្រណាំងទូក និងប្រទីបដែលនឹងមកបង្ហាញខ្លួនលើផ្ទៃទឹកទាំង ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យផងដែរ។
ចំពោះប្រទីបតំណាង ក្រសួងសាធារណការ និងដឹកជញ្ចូន ត្រូវបានរចនាឡើងដោយយកនិម្មិត្តសញ្ញាក្រសួងជាគោល អមដោយសមិទ្ធផលធំៗ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធស្ពាន-ថ្នល់ វិស័យដឹកជញ្ចូន ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក ផ្លូវសមុទ្រ និងកំពង់ផែ ព្រមទាំងក្បូរក្បាច់រចនាបែបខ្មែរដ៏ស្រស់ស្អាត។
សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមអបអរសាទរ និងសប្បាយរីករាយឱ្យបានច្រើនកុះករ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករបស់យើង ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ដនានា៕