(អង់គ្លេស)៖ កែវភ្នែកគឺជាវត្ថុដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលអាចធ្វើឲ្យយើងមើលឃើញ ភពផែនដី ដ៏ស្រស់ស្អាតនេះ។ សំរាប់អ្នកដែលមិនមានបញ្ហាភ្នែក ក៏ត្រូវតែការពារវាឲ្យបានល្អ ចំណែកឯអ្នកដែលមានបញ្ហាភ្នែកវិញ អ្នកត្រូវតែស្វែងរកវិធីដើម្បីដោះស្រាយនូវបញ្ហានោះ។
យោងតាមគេហទំព័រព័ត៌មានវេជ្ជសាស្រ្ត Medicine news today បានឲ្យដឹងថា ភ្នែកខ្សោយ ភ្នែកឡើងបាយ និង ជំងឺងងឹតភ្នែក គឺជាបញ្ហាភ្នែកចម្បងៗ ដែលតែងតែធ្វើការគំរាមកំហែង ទៅមនុស្សស្ទើរគ្រប់គ្នាទូទាំងពិភពលោក។ ជាមួយគ្នានេះដែរ បញ្ហាភ្នែកក៏អាចនាំឲ្យអ្នកឈានទៅរក ការកើតជំងឺមួយចំនួនទៀត ដូចជាជំងឺមហារីក និង ជំងឺទឹកនោមផ្អែម។ ទន្ទឹមនឹងនេះ បញ្ហាភ្នែក មួយចំនួនទៀតដូចជា ភ្នែកឡើងពពែឆ្កែ ភ្នែកស្ងួត ឬ ជំងឺភ្នែក្រហម អាចដោះស្រាយបានយ៉ាង ងាយស្រួលប្រសិនបើអ្នកប្រញាប់ធ្វើការព្យាបាលវា ឲ្យបានទាន់ពេល។
ខាងក្រោមនេះ ជាវិធីការពារភ្នែក និង ដោះស្រាយបញ្ហាពាក់ព័ន្ធនានា ដើម្បីកុំឲ្យហួសពេល៖
១- អ្នកគួរតែទៅពិនិត្យភ្នែករបស់អ្នកជារៀងរាល់មួយឆ្នាំម្តង ពីព្រោះការធ្វើបែបនេះ អាចធ្វើឲ្យអ្នកមាន ភាពងាយស្រួលក្នុងការដឹងអំពីស្ថានភាពភ្នែករបស់អ្នក។ មួយវិញទៀតប្រសិនបើអ្នកមានបញ្ហាភ្នែក កើតឡើង អ្នកអាចព្យាបាលវាបានទាន់ពេលវេលា និងឆាប់រហ័ស។
២- ចៀសវាងធ្វើឲ្យភ្នែករបស់អ្នកជួបនឹងគ្រោះថ្នាក់ផ្សេងៗ។ អ្នកត្រូវនៅកន្លែងដែលមានខ្យល់ចេញចូល ជាពិសេសនៅពេលដែលអ្នកធ្វើការ នៅកន្លែងដែលមានជាតិគីមីគ្រោះថ្នាក់ដូចជា សារជាតិក្លរីន ទឹកនោមអូត ឬ អាម៉ូញ៉ាក់ ថ្នាំលាបផ្ទះជាដើម។ អ្នកត្រូវតែប្រើប្រដាប់ការពារភ្នែក នៅពេលដែលអ្នក ធ្វើការជាមួយសារធាតគីមីផ្សេងៗ ឬ សំភារៈសំណង់ ដើម្បីការពារភ្នែករបស់អ្នកពីការកំពប់ ឬហុយចូលភ្នែកដោយចៃដន្យ។
៣- ប្រសិនបើវេជ្ជបណ្ឌិតចេញវេជ្ជបញ្ជា សំរាប់ភ្នែករបស់អ្នក ចូរអ្នកអនុវត្តន៍តាមដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់បំផុត។ ប្រសិនបើអ្នកមានការភ័ន្តច្រឡំក្នុងការប្រើប្រាស់ថ្នាំ អ្នកត្រូវទៅសាកសួរ អ្នកជំនាញខាងភ្នែក និងវេជ្ជបណ្ឌិតម្តងទៀត ចៀសវាងការប្រើប្រាស់ថ្នាំខុស។ ម្យ៉ាងវិញទៀត អ្នកមិនត្រូវប្រើប្រាស់ថ្នាំបណ្តក់ភ្នែកផ្តេសផ្តាស ដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវនោះទេ។
៤- អ្នកគួរតែធ្វើលំហាត់ប្រាណភ្នែក និងធ្វើវាជាប្រចាំ ពីព្រោះវាអាចជួយឲ្យស្ថានភាពភ្នែករបស់អ្នក មានភាពប្រសើរឡើង។.
៥- អ្នកត្រូវតែលាងដៃឲ្យបានញឹកញាប់ក្នុងមួយថ្ងៃ ជាពិសេសបន្ទាប់ពីចេញពីបន្ទប់ទឹក ទទួលទានអាហាររួច និងបន្ទាប់ពីប្រើប្រាស់សារធាតុគីមីផ្សេងៗ ដូចជាទឹកលាងថ្នាំក្រចក ថ្នាំលាបក្រចកជាដើម។ ប្រសិនបើអ្នកមានការយកចិត្តទុកដាក់ អ្នកនឹងដឹងថា អ្នកយកដៃទៅខ្ពប់មុខ និង ប៉ះភ្នែករបស់អ្នកប៉ុន្មានដងក្នុងមួយថ្ងៃ។ សម្រាប់អ្នកដែលពាក់វ៉ែនតា និងធ្វើការនៅកន្លែងដែលតម្រូវ ឲ្យអាននិងសសេរច្រើន តែងតែយកដៃទៅ ញីភ្នែកដោយមិនដឹងខ្លួន ដែលនេះជាបញ្ហាធ្វើឲ្យ ភ្នែករបស់អ្នក មានបញ្ហាជាញឹកញាប់។
៦- អ្នកត្រូវតែគេងឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យភ្នែករបស់អ្នកបានសម្រាកគ្រប់គ្រាន់ និងស្រស់ថ្លាដែរ។ ការធ្វើបែបនេះអាចធ្វើឲ្យអ្នកចៀសផុតពីការមានបញ្ហាភ្នែកស្ងួត និងឈឺភ្នែក ដែលបច្ចុប្បន្ននេះ មនុស្សភាគច្រើនតែមើលស្រាល និងទុកឲ្យមានហួសពេលព្យាបាល៕