(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់មួយចំនួនទៀត បានអញ្ជើញត្រឡប់ពីចូលរួមកិច្ចប្រជុំកំពូល ស្តីពីកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ីលើកទី២ នាទីក្រុងបាងកក ប្រទេសថៃ នៅវេលាម៉ោង៤៖៥០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះហើយ ប្រកបដោយសុវត្ថិភាព។
ការអញ្ជើញត្រឡប់មកពីកិច្ចប្រជុំក្នុងប្រទេសថៃនាពេលនេះ ធ្វើឡើង ក្រោយពីសម្តេចតេជោ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានចូលរួមកិច្ចប្រជុំនៅប្រទេសថៃ រយៈពេល២ថ្ងៃ ពីថ្ងៃទី០៩ ដល់ទី១០ ខែតុលា ឆ្នាំ២០១៦។
សម្រាប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលជួបពិភាក្សា ការងារទ្វេភាគីជាមួយលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ ដោយបានពិភាក្សាទៅ លើ បញ្ហាជាច្រើនសម្រាប់ជំរុញ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បានមើលឃើញថា កម្ពុជា-ថៃ នៅមានសក្តានុពលលើការវិនិយោគ និងពាណិជ្ជកម្មជាច្រើនទៀត ដែលគួរតែប្រឹងប្រែងជំរុញ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ឲ្យដល់១៥ពាន់លានដុល្លារអាមេរិក ឲ្យបានឆាប់ក្នុងពេលដ៏ខ្លីខាងមុខ។
ក្រៅពីនោះ សម្តេចក៏បានជួបពិភាក្សាការងារជាមួយលោក វិក្រំ ប្រាណាឌីដ ដែលជាស្ថាបនិកនិងជានាយក ប្រតិបត្តិក្រុមហ៊ុនសាជីវកម្មអមតៈ ក្នុងនោះ ក្រុមហ៊ុនសាជីវកម្មអមតៈ បានសម្រេច បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ ។
ចំណែកនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ គឺជាកិច្ចប្រជុំកំពូលស្តីពីកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ីលើកទី២ ដោយបានផ្តោតលើបញ្ហាអទិភាព សំខាន់ចំនួន៦ រួមមាន៖ ទី១. ការតភ្ជាប់ សុវត្ថិភាពស្បៀងអាហារ ថាមពល និងទឹក, ទី២. ការតភ្ជាប់, ទី៣. វិស័យវិទ្យាសាស្ត្របច្ចេកទេ និងរបកគំហើញថ្មី, ទី៤. ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស , ទី៥. ទេសចរណ៍ និងវប្បធម៌ និងទី៦. ការលើកកម្ពស់នូវវិធីសាស្ត្រ ដើម្បីការរួមបញ្ចូល និងការអភិវឌ្ឍ ប្រកបដោយចីរភាព។
សូមជម្រាបថា កិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ី ត្រូវបានសម្ពោធនៅខែមិថុនា ឆ្នាំ២០០២ នាប្រទេសថៃ គឺជាវេទិកាមួយ មានគោលបំណងកសាង សហគមន៍អាស៊ី ឈរលើមូលដ្ឋាន នៃភាពរឹងមាំ ពហុភាពធនធានដ៍ស្តុកស្តម្ភ និងភាពប្រកួតប្រជែង របស់ប្រទេសនីមួយនៅទ្វីបអាស៊ី៕