(ស្ទឹងត្រែង)៖ បុរសជនជាតិចិនម្នាក់ រួមជាមួយគ្រឿងញៀន១២ដុំ ទម្ងន់ជាង២គីឡូក្រាម ត្រូវកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក៧០១ និងអធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយសែនជ័យ បង្ក្រាបបាននៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ដែលជាស្រុកជាប់ព្រំដែនឡាវ។ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងការបង្ក្រាបគ្រឿងញៀននោះ កម្លាំងនគរបាលខេត្ត បានធ្វើការឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ឈ្មោះ PAN ZHENGJiAN ភេទប្រុស អាយុ៣៣ឆ្នាំ កើតថ្ងៃទី២២ ខែមេសា(០៤) ឆ្នាំ១៩៩១ ជនជាតិចិន ទីកន្លែងបច្ចុប្បន្នប្រទេសចិន ប្រើលិខិតឆ្លងដែនលេខ EH7295636 និងបានរកឃើញវត្ថុតាងជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនគ្រាប់ (WY) ចំនួន១២ដុំ មានទម្ងន់សុទ្ធ២គីឡូក្រាម និង២៣១.៥៩ក្រាម និងសារធាតុមិនច្បាស់៣ប្រភេទ គឺប្រភេទទឹកខ្មៅ ២១ដប, ប្រភេទពណ៌ទឹកតែ ១ដប និងប្រភេទម្សៅម៉ត់ស ១ធុង, ដកហូតម៉ូតូ១គ្រឿង, ទូរស័ព្ទ២គ្រឿង និងលិខិតឆ្លងដែន១ក្បាល។
ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនឆ្លងដែននេះ បានធ្វើឡើងក្រោមការដឹកនាំសម្របសម្រួលពីលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។ នៅក្រោយការបង្ក្រាប ជនសង្ស័យជនជាតិចិនម្នាក់ វត្ថុតាងគ្រឿងញៀន១២ដុំ សារធាតុមិនច្បាស់ ៣ប្រភេទ រួមទាំងវត្ថុតាងមួយចំនួនទៀត ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសលាដំបូងខេត្តស្ទឹងត្រែង ចាត់ការតាមនីតិវិធីច្បាប់។
សូមជម្រាបថា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង បានចាប់ខ្លួនបុរសជនជាតិឡាវម្នាក់ ឈ្មោះ វូ យ៉េង (VUE YENG) ភេទប្រុស ជនជាតិឡាវ ទីកន្លែងបច្ចុប្បន្ន ប្រទេសឡាវ ប្រើលិខិឆ្លងដែនលេខ P1859439 រួមនឹងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ (WY) ចំនួន១៦៧ដុំ ទម្ងន់សុទ្ធ៩៣គីឡូក្រាម និង០៩៧.២៥ក្រាម គិតជាគ្រាប់ប្រហែលចំនួន១,០៣៤,៤១៣គ្រាប់ រថយន្ត១គ្រឿងម៉ាក FORTUNER ពណ៌ស ពាក់ស្លាកលេខ ប្រទេសឡាវ ១១១៥ និងទូរស័ព្ទចំនួន ៣គ្រឿង។
ការចាប់ខ្លួនជនជាតិឡាវ (VUE YENG) ដោយកម្លាំងនគរបាលអន្តោប្រវេសន៍ ក្នុងគ្រាដែលបុរសជនជាតិឡាវរូបនោះ បានបើកបររថយន្ត១គ្រឿង ឆ្លងដែនពីប្រទេសឡាវ ចូលមកខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង កម្ពុជា-ណងណុកខៀន ខេត្តចំប៉ាសាក់-ឡាវ។ ជនសង្ស័យជនជាតិឡាវ ជួញដូរគ្រឿងញៀនឆ្លងដែនរូបនោះ ត្រូវបានកម្លាំងនគរបាលជំនាញ នាំខ្លួន រួមទាំងវត្ថុតាងគ្រឿងញៀន និងមធ្យោបាយបម្រើឲ្យការដឹកជញ្ជូនបទល្មើសឆ្លងដែន នៅថ្ងៃទី១២ ខែវិច្ឆិកាម្សិលមិញ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែង៕