(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកទឹកចិត្តឱ្យយុវជន ដែលបោះបង់ការសិក្សា ឬធ្លាក់បាក់ឌុបឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីក្លាយខ្លួនជាកម្មករជំនាញ គ្រាដែលជួបសំណេះសំណាល និងផ្តល់នូវគ្រឿងឧបភោគបរិភោគ ដល់បងប្អូនប្រជាពលរដ្ឋជួបការលំបាកចំនួន៧៥គ្រួសារ នៅក្នុងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០២៤។
លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទន្ទឹមនិងការគិតគូនេះ រាជរដ្ឋាភិបាល ក៏បានបង្កើតឱកាសការងារជូនបងប្អូន តាមរយៈការវិនិយោគរោងចក្រ សហគ្រាសគ្រប់ធុន ហើយក្នុងនេះ សម្រាប់ខេត្តកំពង់ស្ពឺ គិតរហូតមកទល់ពេលនេះ គឺមាន៤៤៥រោងចក្រហើយ និងកំពុងមានកម្មករ-កម្មការិនី បម្រើការប្រមាណជាង២០ម៉ឺននាក់។
ជាមួយនិងកំណើននៃរោងចក្រនេះដែរ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ ក៏បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នខេត្តកំពុងជួបវិបត្តិ កង្វះកម្លាំងពលកម្ម សម្រាប់បម្រើការងារ នៅតាមបណ្តារោងចក្រសហគ្រាសទាំងនេះ ប្រមាណជាង១ម៉ឺននាក់បន្ថែមទៀត ក្នុងនោះចំនួនរោងចក្រ សហគ្រាសនឹងមានការកើនឡើងច្រើន បន្ថែមគ្រាដែលអ្នកវិនិយោគ ចំរុះជាតិសាសន៍ បាននិងកំពុងទម្លាក់ទុន យ៉ាងច្រើនលើសលប់កសាងរោងចក្រ សហគ្រាសដែលគ្រោងបើកដំណើរនាពេលខាងមុខ ថែមទាំងតម្រូវការកម្លាំងពលកម្ម នឹងមានការកើនឡើង ដូច្នេះចំនួនកង្វះកម្មករក៏មានការកើនឡើងដូចគ្នាផងដែរ។
លោកបណ្ឌិត បន្ថែមថា ជាមួយគ្នានេះ សូមធ្វើការលើកទឹកចិត្តដល់យុវជនទាំងអស់ ដែលបានប្រឡងធ្លាក់បាក់ឌុប និងអ្នកដែលបោះបង់ការសិក្សា ឱ្យចូលទៅរៀនវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេស ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ពីជំនាញច្បាស់លាស់ ដែលការសិក្សាចំណាយពេលត្រឹមតែ៣-៤ខែប៉ុណ្ណោះ បងប្អូនអាចក្លាយខ្លួនជាកម្មករជំនាញ ហើយអាចបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាសទទួលបានប្រាក់កម្រៃខ្ពស់ និងក៏មានឱកាសអាចទៅធ្វើការ នៅក្រៅប្រទេស បានទៀតផង។ តែចំពោះការចេញទៅធ្វើការនៅក្រៅប្រទេស អភិបាលខេត្តកំពង់ស្ពឺលោកលើកទឹកចិត្តឱ្យទៅតាមរយៈក្រុមហ៊ុនដើម្បីទទួលបានភាពច្បាស់លាស់ ជាជាងការប្រថុយប្រថានតាមរយៈមេខ្យល់។
ទន្ទឹមនេះដែរ អភិបាលខេត្តកំពង់ស្ពឺ ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំនាំគ្នាកាប់រានដីព្រៃដែលនាំឱ្យមានទោសទណ្ឌជាប់ខ្លួន ខិតខំបង្កើនការដាំដុះ និងធ្វើស្រែបង្កើនរដូវដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ មួយវិញទៀតបើការបង្កបង្កើនផលជួបប្រទះនិងរងផលប៉ះពាល់នូវបញ្ហាផ្សេងៗ បងប្អូនអាចជួបពិគ្រោះជាមួយមន្ត្រីកសិកម្មឃុំ ឱ្យជួយដោះស្រាយបាន ៕