(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ប្រៃសណីយ៍កម្ពុជា បានប្រកាសពីភាពជាដៃគូដ៏សំខាន់ជាមួយបច្ចេកវិទ្យាទីតាំងប្រកបដោយភាពច្នៃប្រឌិត what3words ដើម្បីកែលម្អសេវាកម្មចែកចាយ ទៅដល់គោលដៅនៅទូទាំង ប្រទេស។
what3words កំពុងផ្លាស់ប្តូររបៀបដែលពិភពលោកនិយាយអំពីទីតាំង។ វាជាប្រព័ន្ធ ដែលបានកំណត់ទីតាំងជាក់ច្បាស់ក្នុងរង្វង់ផ្ទៃក្រឡា ៣ គុណ៣ម៉ែត្រការ៉េ នៅគ្រប់ទីកន្លែងទូទាំងពិភពលោក តាមរយៈការបង្គុំនូវពាក្យចៃដន្យ ៣ម៉ាត់ ដើម្បីកំណត់ទីតាំង what3words។
ជាមួយ What3words អតិថិជនរបស់ប្រៃសណីយ៍កម្ពុជាអាចកំណត់ទីតាំងអាសយដ្ឋានរបស់ខ្លួនដើម្បីផ្ញើ និងទទួលបញ្ញើប្រកបដោយប្រសិទ្ធភាព។ តាមរយៈអនុសារណៈនៃការយោគយល់គ្នា ប្រៃសណីយ៍កម្ពុជាបានបង្កើតភាពជាដៃគូដ៏សំខាន់ជាមួយ what3words បាននាំយកមកនូវបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតក្នុងការកំណត់ទីតាំង (អាសយដ្ឋាន) ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពសេវាចែកចាយបញ្ញើដល់គោលដៅចុងក្រោយទូទាំង ប្រទេស។
ប្រៃសណីយ៍កម្ពុជា គឺជាសហគ្រាសដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលសហការជាមួយក្រុមហ៊ុន what3words ក្នុងការបង្កើនប្រសិទ្ធភាពសេវាកម្មចែកចាយបញ្ញើប្រៃសណីយ៍ តាមរយៈឌីជីថលភាវូបនីយកម្មសម្រាប់សម្រួលដល់ការបញ្ជូនបញ្ញើដល់អតិថិជន។
ភាពមិនច្បាស់លាស់នៃអាសយដ្ឋាន (លេខផ្ទះ លេខផ្លូវ...) តំបន់ទីក្រុង ជនបទ គឺជាបញ្ហាប្រឈមសម្រាប់ការចែកចាយបញ្ញើឱ្យដល់ទីតាំងច្បាស់លាស់ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ការមិនអាចកំណត់ទីតាំងច្បាស់លាស់ គឺជាឧបសគ្គសម្រាប់អ្នកផ្តល់សេវាចែកចាយបញ្ញើ និងនាំឱ្យមានការថ្នាំងថ្នាក់ពីអតិថិជនដែលប្រើប្រាស់សេវា។
what3words អាចផ្តល់ជូននូវដំណោះស្រាយដែលមានភាពងាយស្រួលដោយសារប្រព័ន្ធនេះបានកណត់ទីតាំងយ៉ាងជាក់ច្បាស់នៅក្នុងរង្វង់ផ្ទៃក្រឡា ៣x៣ មែត្រការ៉េ តាមរយៈពាក្យ ៣ម៉ាត់ ដែលអាចឱ្យយើងស្វែងរកទីតាំងអាសដ្ឋានបានយ៉ាងជាក់ច្បាស់។ ឧទាហរណ៍ ដើម្បីមកកាន់ទីស្នាក់ការកណ្តាលរបស់ប្រៃសណីយ៍កម្ពុជា គេអាចប្រើពាក្យជាភាសាអង់គ្លេស ///postings.songs.nearing ឬខេមរៈភាសា /// កត់ហេតុ.អំបិលម្ទេស.បោកបែន នៅលើគេហទំព័រ ឬ App របស់ What3words ប្រព័ន្ធនឹងបង្ហាញជូនលោកអ្នកនូវផែនទីដើម្បីធ្វើដំណើរមកកាន់ស្នាក់ការកណ្តាលប្រៃសណីយ៍កម្ពុជា។
បច្ចេកវិទ្យានេះផ្តល់នូវជម្រើសមានរហូតដល់ ៦០ភាសា រួមមានទាំងភាសាខ្មែរផងដែរ ហើយអាចដំណើរការដោយពុំចាំបាច់មានសេវាអ៉ីនធឺណិត ដែលជាលក្ខណៈពិសេសមួយសម្រាប់ការប្រើប្រាស់នៅតំបន់មានសេវាអ៉ីនធឺណិតខ្សោយ ឬមិនអាចភ្ជាប់សេវាអ៉ីនធឺណិតបាន។
លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា បានថ្លែងថា៖ «ការដាក់បញ្ចូលប្រព័ន្ធអាសយដ្ឋានរបស់ what3words នឹងក្លាយជាការផ្លាស់ប្តូរសម្រាប់សេវាកម្មដឹកជញ្ជូនរបស់យើង ដែលជួយបំពេញតម្រូវការ ដែលកំពុងកើនឡើងសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក និងអនុញ្ញាតឱ្យយើងអាចបម្រើអតិថិជនរបស់យើងបានកាន់តែប្រសើរឡើងនៅគ្រប់ច្រកល្ហកទូទាំងប្រទេស»។
លោក ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាល ប្រៃសណីយ៍កម្ពុជា បានបន្ថែមថា៖ «យើងខ្ញុំតាំងចិត្ត និងបន្តការខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សេវាប្រៃសណីយ៍ក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថល។ បច្ចេកវិទ្យាប្រកបដោយនវារនុវត្តរបស់ What3words បានផ្តល់នូវសក្តានុពលដ៏មានសារៈសំខាន់ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៃចែកចាយបញ្ញើប្រៃសណីយ៍ ហើយយើងពិតជាមានសេចក្តីរំភើបនៅក្នុងឱកាសការចាប់យកភាពជាដៃគូនេះ»។
លោក គ្រីស ស្ហ៊ែលឌ្រីក (Chris Sheldrick) សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន what3words បានលើកឡើងថា៖ «ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏សំខាន់របស់ what3words សម្រាប់ជាវិថីឆ្ពោះទៅការកាបង្កើតនូវស្តង់ដារសកលមួយដើម្បីកំណត់ទីតាំងជាក់លាក់មួយ។ តាមរយៈកិច្ចសហការជាមួយនឹងក្រុមការងាររបស់ប្រៃសណីយ៍កម្ពុជា បច្ចេកវិទ្យានេះនឹងត្រូវបានណែនាំទៅដល់មនុស្សរាប់លាននាក់ទូទាំងប្រទេស ដើម្បីទទួលបានសេវាប្រៃសណីយ៍ជាមួយនឹងបទពិសោធន៍ថ្មី និងការធ្វើឱ្យប្រសើរឡើងនូវការចែកចាយបញ្ញើប្រកបដោយប្រសិទ្ធភាព»។
what3words កំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក រួមមានស្ថាប័នរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋានសម្រាប់ការងារប្រចាំថ្ងៃរបស់ពួកគេដូចជា៖ ការឆ្លើយតបយ៉ាងឆាប់រហ័សសម្រាប់គ្រាមានអាសន្ន ឧប្បត្តិហេតុផ្សេងៗ តាមរយៈការទទួលបានទីតាំងច្បាស់លាស់ដើម្បីទៅកាន់ទីកន្លែងដែលរងគ្រោះអាសន្ន ឬកន្លែងដែលមានឧប្បត្តិហេតុកើតឡើង។
បច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់ដោយប្រៃសណីយ៍ម៉ុងហ្គោលី (២០១៦) និងប្រៃសណីយ៍វៀតណាម (២០២៣) DHL, 7-Eleven, Lotte Mart, Emart Mongolia និង Domino's Pizza ដើម្បីប្រើប្រាស់សម្រាប់កំណត់ទីតាំងអាសយដ្ឋានរបស់អតិថិជន។
កម្មវិធី what3words អាចទាញយកប្រើប្រាស់បានដោយឥតគិតថ្លៃសម្រាប់អ្នកប្រើទូរស័ព្ទប្រភេទ iOS និង Android ហើយក៏អាចប្រើប្រាស់បានដោយផ្ទាល់ តាមរយៈគេហទំព័រ what3words.com ផងដែរ៕