(ភ្នំពេញ)៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលសវនាការលោកសន្តិបណ្ឌិត អគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្រ្តី។

ជាកិច្ចចាប់ផ្ដើម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានស្វាគមន៍ចំពោះវត្តមានលោកឯកអគ្គរដ្ឋទូតអូស្ដ្រាលី ដោយលើកឡើងអំពីទំនាក់ទំនងកាទូតទ្វេរភាគី ដែលមានរយៈពេល៧២ឆ្នាំមកហើយ។ លោកថា ការកសាងប្រទេសកម្ពុជា គឺតែងតែមានការចូលរួមពីអូស្ដ្រាលីជានិច្ច ពោលតាំងពីឆ្នាំ១៩៩៣ ដែលកាលនោះមានមេបញ្ជាការសម័យអ៊ុនតាក់ ជាជនជាតិអូស្ដ្រាលីផងដែរ។

ជាក់ស្ដែង អូស្ដ្រាលីបានដើរតួនាទីយ៉ាងសំខាន់ក្នុងជួយដល់កម្ពុជា ដែលក្នុងនោះរួមមាន វិស័យអប់រំ ការដោះមីន យោធា សន្ដិសុខ ពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និងការសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

ក្នុងន័យនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបង្ហាញនូវក្ដីរំពឹងថា រដ្ឋាភិបាលអូស្ដ្រាលី នឹងបន្ដជួយដល់កម្ពុជា លើការងារសំខាន់ៗបន្ថែមទៀត ពិសេសការជំរុញវិនិយោគិនអូស្ដ្រាលីមកកម្ពុជា, ការបង្កើនទេសចរណ៍ និងការផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជា ព្រោះកម្ពុជាតែងតែចាត់ទុកអូស្ដ្រាលី ជាទិសដៅទេសចរណ៍ដ៏សំខាន់ និងជាកន្លែងដែលផ្ដល់នូវការអប់រំដ៏ល្អប្រសើរ និងបរិយាកាសរស់នៅប្រកបដោយសុខសុវត្ថិភាព ការគោរពសិទ្ធិគ្នាទៅវិញទៅមក។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតអូស្ដ្រាលី បានបង្ហាញនូវមោទនភាពដែលអូស្ដ្រាលី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយជ្រោមជ្រែងកម្ពុជា តាំងពីអតីតកាល រហូតមកដល់ពេលបច្ចុប្បន្ន។ ក្នុងនោះអូស្ដ្រាលីបានបង្ហាញជំហរជួយដល់កម្ពុជា ពិសេសក្នុងការបន្ថែមអាហារូបករណ៍ ជំរុញវិស័យធុរកិច្ច វិនិយោគបន្ថែមទៀត។

លោកបានកត់សម្គាល់ថា កន្លងទៅពាណិជ្ជករ ឬវិនិយោគិនអូស្ដ្រាលី មិនទាន់បានដឹងលក្ខខណ្ឌអំណោយផល ការអនុគ្រោះនានា ក៏ដូចជាបរិយាកាសវិនិយោគដ៏ល្អនៅកម្ពុជានៅឡើយ។ ក្នុងន័យនេះ លោកសន្យានឹងខិតខំជួយផ្សព្វផ្សាយលើវិស័យនេះបន្ថែមទៀត។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានលើកឡើងអំពីស្ថានភាពសកលដែលមានភាពផុយស្រួយ ដូចពេលបច្ចុប្បន្ននេះ ដែលទាមទារឲ្យកម្ពុជា-អូស្ដ្រាលី ត្រូវបន្ដសហការគ្នាក្នុងការផ្លាស់ប្ដូរព័ត៌មាន ពិសេសការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការងារសន្ដិសុខ ដើម្បីធ្វើយ៉ាងណាឆ្លើយតបឲ្យទាន់ពេលវេលាទៅនឹងស្ថានភាពសកល។

ពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឯកអគ្គរដ្ឋទូតអូស្ដ្រាលី សន្យាជំរុញតំណាងនគរបាលសហព័ន្ធអូស្ដ្រាលី ដែលមានវត្តមាននៅប្រទេសកម្ពុជា ធ្វើការឲ្យបានជិតស្និតជាមួយអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងបង្កើនយន្ដការផ្លាស់ប្ដូរព័ត៌មាន ឈានដល់ការទប់ស្កាត់ការរត់ពន្ធគ្រឿងញៀន និងការជួញដូរគ្រឿងញៀននានា ក៏ដូចជាជួយដល់ការបណ្ដុះបណ្ដាល សម្ភារៈបច្ចេកទេស និងការបន្សាបសារធាតុគីមីផ្សំមុនធ្វើការដុតបំផ្លាញផងដែរ។

លោកបានអះអាងទៀតថា ភាគីអូស្ដ្រាលី នឹងជួយដល់កម្ពុជាលើការងាររបស់គណៈកម្មាធិការសន្ដិសុខឌីជីថល ដែលមានលោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ជាអនុប្រធានប្រចាំការ។ ការជួយនេះសំដៅដល់ការចែករំលែកបទពិសោធ៍ វិធីសាស្ដ្រនានាក្នុងការពង្រឹងការងារសន្ដិសុខសាយប័រ នេះ ខណៈនេះជាការងារថ្មីរបស់កម្ពុជា៕