(ស្ទឹងត្រែង-រតនគិរី)៖ ទោះបីស្ថិតនៅក្នុងវ័យចាស់ក៏ដោយ ប៉ុន្តែទឹកចិត្តស្រឡាញ់មាតុភូមិ មិនអាចមើលរំលងបាននោះទេ។ ជាក់ស្តែង លោកតា លោកយាយចំនួន២រូប ខិតខំជម្នះការលំបាកក្នុងវ័យជរា ដោយធ្វើដំណើរចេញពីស្រុកកំណើត ក្នុងខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង មកដល់រាជធានីភ្នំពេញ នាវេលាម៉ោង៤ទាបភ្លឺ ដើម្បីបន្តជិះរថយន្តជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណ ២០០នាក់ ឆ្ពោះមកកាន់បង្គោលព្រំដែន នៅខេត្តភូមិភាគឦសាន នៅក្នុងដំណើរផ្លូវដ៏វែងឆ្ងាយទាំងទៅ និងត្រឡប់មកវិញលើជាង ១ពាន់គីឡូម៉ែត្រឯណោះ។
ក្នុងឱកាសផ្តល់បទសម្ភាសជាមួយក្រុមការងារព័ត៌មាន Fresh News ដូនចាស់ម្នាក់ អាយ៨៤ឆ្នាំ ដែលបានធ្វើដំណើរមកពីខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា «ពីដើមឡើយខ្ញុំមិនដែលមកទេ នៅពេលបានឃើញបង្គោលព្រំដែនជាក់ស្តែង គឺត្រឹមត្រូវមែន»។
បើតាមលោកតា សោម ថន អាយុ៧៨ឆ្នាំ មកពីស្រុកមេសាង ខេត្តព្រៃវែង បានបង្ហាញក្តីសប្បាយរីករាយ បន្ទាប់ពីបានមកទស្សនាដោយផ្ទាល់នៅតាមបង្គោលព្រំដែន ដែលរៀបចំដោយដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋមកពីគ្រប់ស្រទាប់វណ្ណៈ អាចស្វែងយល់ពីបញ្ហាព្រំដែនឱ្យបានច្បាស់លាស់ ជៀសវាងចាញ់បោកការឃោសនារបស់បុគ្គលមួយចំនួនតូច។
លោកតា សោម ថន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំមកឃើញផ្ទាល់ព្រំដែន ពិតជាត្រឹមត្រូវតាមផែនទី ខ្ញុំមិនមានការសង្ស័យអីទេ ការដែលលឺតាមពាក្យចចាមអារាម គឺខ្ញុំមិនជឿទេ ដូច្នេះ ខ្ញុំមកឃើញជាក់ស្តែង បានត្រឹមត្រូវទៅតាមក្បួនខ្នាតនៃផែនទី»។
លោកតា សោម ថន នឹងពាំនាំនូវរូបភាពពិត និងស្ថានភាពជាក់ស្តែងនៅបន្ទាត់ព្រំដែនរវាងកម្ពុជាជាមួយប្រទេសជិតខាងដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានលោកតា ឱ្យបានជ្រាបច្បាស់ចំពោះបញ្ហាព្រំដែន។
គួរជម្រាបថា នៅក្នុងដំណើរចូលរួមទស្សនកិច្ចសិក្សាស្វែងយល់ ទិសឦសាន សម្រាប់ជើងទី៨ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋជាង២០០នាក់ បានបន្តចូលរួមធ្វើទស្សនកិច្ចនៅបង្គោលព្រំដែនលេខ៣០ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ ខេត្តរតនគិរី និងនៅបង្គោលព្រំដែនច្រកទ្វារ អន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន ដើម្បីស្វែងយល់ពីការពិតជាក់ស្វែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា។
សូមរំលឹកជូនថា ដំណើរទស្សនកិច្ចនេះត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានងាយៗតាមការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕