(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងពិធីព្រះរាជពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្តោយស្ទឹងសៀមរាប។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងវត្តមានអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអន្តរវិស័យចំណុះរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពមួយចំនួនក្នុងខេត្ត អាជ្ញាធរក្រុងស្រុក និងថ្នាក់ដឹកនាំក្រុមការងារនៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ។
ពិធីសែនក្រុងពាលី បួងសួងសុំសេចក្តីសុខនេះ បានរៀបចំនៅបរិវេណព្រះវិហារព្រះអង្គចេកព្រះអង្គចម និងនៅវេទិកាប្រារព្ធពិធីមាត់ស្ទឹងសៀមរាប ដើម្បីសុំទឹកដីទីកន្លែងនិងសុំសេចក្តីសុខសិរីសួស្តី គ្រប់ប្រការដល់ដំណើរនៃការ រៀបចំព្រះរាជពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងកម្មវិធីសប្បាយៗជាច្រើនទៀត៕