(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីវិធានការការពារសុខភាពក្នុងអំឡុងពេល ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃព្រហស្បតិ៍ ១៤កើត ដល់ថ្ងៃសៅរ៍ ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នឹងមានប្រជាជន ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញមកចូលរួមកំសាន្តព្រះរាជពិធីបុណ្យច្រើនកុះករ។

ក្នុងនោះក្រសួងសុខាភិបាល​បានក្រើនរំលឹកដល់សាធារណជនទាំងអស់ ចូលរួមការពារសុខភាពបុគ្គល ក្រុមគ្រួសារ និងសហគមន៍ ពីជំងឺជាយថាហេតុណាមួយ ដោយអនុវត្តនូវវិធានការបង្ការសំខាន់ៗដូចខាងក្រោម៖

១៖ ចំពោះសាធារណជន
* ត្រូវប្រកាន់អនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ មុនចាប់កាន់ចំណីអាហារ បន្ទាប់ពីការប៉ះពាល់សត្វ បោចសំអាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ
* កុំប៉ះពាល់ ឬទទួលទាន មាន់ទា ឈឺ ឬងាប់ និងពាក់ស្រោមដៃ និងម៉ាស់ ឬយកក្រមាចងបិតច្រមុះ មុនពេលសម្លាប់មាន់ទា រួចហើយស្រុះវាក្នុងទឹកពុះមុននឹងបោចសម្អាតរោម
* ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ។ កុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ និងទុកដាក់អាហារឆៅ និងឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា សម្អាតសម្ភារៈប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ។ នៅពេលលោកអ្នកទិញម្ហូបអាហារដែលឆ្អិនស្រាប់ នៅតាមទីផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថាអាហារទាំងនោះមានអនាម័យ និងមានសុវត្ថិភាព
*ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមដែលល្អ ហើយមិនត្រូវប្រើប្រាស់សារធាតុគីមីបន្ថែមលើអាហារ
* កុំបរិភោគចំណីអាហារហួសកាលកំណត់ប្រើប្រាស់
* សូមប្រុងប្រយ័ត្នទិញ ឬពិសាស្រា ស ឬស្រាថ្នាំ ពីប្រភពដែលទុកចិត្តបាន ចៀសវាងការពុលសារធាតុមេតាណុលជាយថាហេតុ ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិត
* សូមកុំប្រើប្រាស់មេតាណុលផលិតស្រា ស និងស្រាថ្នាំ ព្រោះមេតាណុលមិនមែនជាមេស្រាទេ
* នៅពេលក្អក ឬកណ្តាស ត្រូវខ្ទប់មាត់ ដោយប្រើកន្សែងដៃ ឬផ្នត់កែងដៃ និងចៀសវាងខាកស្តោះពាសវាលពាសកាល។ សូមពាក់ពាក់ម៉ាស់ នៅពេលមានអាការៈមិនស្រួលខ្លួនដូចជា ផ្តាសាយ ក្អក ដើម្បីបង្ការការចម្លងជំងឺជាយថាហេតុដល់អ្នកនៅជិត
* ចៀសវាងការចូលទស្សនាក្នុងទីប្រជុំជន ឬពិធីបុណ្យអ៊ុំទូក ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព
* ករណីមានបញ្ហាសុខភាពណាមួយ ក្នុងអំឡុងដើរទស្សនា ឬចូលរួមក្នុងពិធីបុណ្យអុំទូកនេះ សូមទៅពិគ្រោះ ជំងឺ នៅតាមស្តង់សុខភាព មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដែលនៅជិតលោកអ្នក
* សូមកុំច្រាន ឬប្រជ្រៀតគ្នា ដើម្បីទប់ស្កាត់នូវការដួលសន្លប់ដែលអាចកើតមានជាយថាហេតុ។ ប្រសិនបើលោកអ្នកវិលមុខ ឬស្រវាំងភ្នែក សុំអង្គុយចុះ ចៀសវាងការដួល និងត្រូវហៅរកអ្នកជួយសង្គ្រោះ។
* ប្រើស្រោមអនាម័យជានិច្ច ដើម្បីការពារខ្លួនពីការឆ្លងមេរោគអេដស៍ កាមរោគផ្សេងៗ
* ប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍រាល់ពេលបើកបរ ដើម្បីចៀសវាងគ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុ​ដោយសារតែការបើកបរលើសល្បឿនកំណត់ ឬមិនគោរពច្បាប់។ សូមកុំពិសាគ្រឿងស្រវឹងប្រសិនបើត្រូវបើកបរ និងកុំបើកបរពេលស្រវឹង
* សូមកុំសេពគ្រឿងញៀន។ គ្រឿងញៀនធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងនាំឱ្យបាត់បង់អនាគត។

២៖ សូមអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ និងមន្ត្រីបុគ្គលិកសុខាភិបាល ចូលរួមសហការ ចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្តវិធានការបង្ការសុខភាពឱ្យបានខ្ជាប់ខ្ជួន ដូចខាងក្រោម៖
* ព្យាយាមធ្វើយ៉ាងណាកាត់បន្ថយនូវការប្រមូលផ្តុំហ្វូងមនុស្សកកកុញច្រើនពេក
* ចូលរួមក្រើនរំលឹកដល់ប្រជាពលរដ្ឋ ពីគ្រោះថ្នាក់លង់ទឹក និងត្រូវការពារកុមារតូចៗមិនឱ្យចុះទឹក
* ជំរុញលើកទឹកចិត្តប្រជាជនក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ឱ្យប្រកាន់យកនូវការអនុវត្តអនាម័យចំណីអាហារ លាងដៃឱ្យបានញឹកញាប់ ខ្ទប់មាត់ដោយពាក់ម៉ាស់ ឬប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃនៅពេលក្អក កណ្តាស និងមិនត្រូវការខាកស្តោះ ឬបន្ទោបង់ពាសវាលពាសកាល
* ចាត់ចែងឱ្យមានការអង្គុយ ឬឈរទស្សនាការប្រណាំងទូក ដោយមិនប្រជ្រៀតគ្នា និងមានសណ្តាប់ធ្នាប់
* បើអ្នកទស្សនាមានករណីគ្រុនក្តៅ ឬផ្តាសាយ សូមឱ្យគាត់ពាក់ម៉ាស និងត្រឡប់ទៅផ្ទះសម្រាក រួចស្វែងរក ការពិគ្រោះជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ
* ចូលរួមក្រើនរំឭកដល់អ្នកមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺផ្សេងៗដូចជា ចាស់ជរា មានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះជាដើម ត្រូវមានការអនុវត្តកិច្ចការពារខ្លួនឱ្យបានល្អ ព្រមទាំងមានអ្នកជួយមើលថែទាំឱ្យបានត្រឹមត្រូវ។

ទន្ទឹមនឹងនោះក្រសួងសុខាភិបាល សូមលើកទឹកចិត្តដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងមន្ត្រី បុគ្គលិកសុខាភិបាល ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការអនុវត្តតាមដំបូន្មានសាមញ្ញៗខាងលើ ដើម្បីការពារខ្លួន និងក្រុមគ្រួសារ។ សូមជូនពរប្រជាពលរដ្ឋគ្រប់រូបទទួលបាននូវសុខភាពល្អ សុវត្ថិភាព ចៀសផុតពីជំងឺផ្សេងៗ និងសូមមានសេចក្តីរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ៕