(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំឱ្យមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព បន្តពង្រឹងការផ្តល់សេវា២៤ម៉ោង លើ ២៤ម៉ោង ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបានជំរុញឱ្យអង្គភាពទាំងអស់ ចូលរួមធ្វើឱ្យស្ថាប័នសុខាភិបាល ជាស្ថាប័នជួរមុខ ក្នុងការបង្ការកុំឱ្យមានគ្រោះអាសន្នសុខភាពសាធារណៈ។
ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសធ្វើបាថកឋា លើការទាក់ទាញភាគីពាក់ព័ន្ធ (Stakeholders) ឱ្យចូលរួមក្នុងការអភិវឌ្ឍន៍នៅក្នុងវិស័យសុខាភិបាល ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាព ចូលរួមសរុបចំនួន ៣៤១៣នាក់ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកសាស្ដ្រាចារ្យក៏បានធ្វើការសំណេះសំណាល និងសួរនាំនូវព័ត៌មានត្រឡប់ពីមន្រ្តីសុខាភិបាលអំពី កិច្ចការទូទៅនៅក្នុងអំឡុងពេលបានសិក្សាវគ្គនេះ អស់រយៈពេល ប្រមាណ ១ឆ្នាំកន្លងមក ព្រមទាំងកិច្ចការត្រៀមរបស់ក្រុមគ្រូពេទ្យ ដែលត្រូវធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ជាមួយក្រុមកីឡាករអុំទូកតាមបណ្តាខេត្តផ្សេងៗ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រួមទាំងបានបង្ហាញពីរចនាបថប្រទីបរបស់ក្រសួងសុខាភិបាល ដែលតំណាងឱ្យមោទនភាពរបស់មន្រ្តីសុខាភិបាលទូទាំងប្រទេស។
ជុំវិញការធ្វើបាថកឋាលើការទាក់ទាញភាគីពាក់ព័ន្ធ (Stakeholders) លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកចំនុចគន្លឹះមួយចំនួនដែលមានភាពចំាបាច់សម្រាប់សម្រួលការចូលរួមរបស់ភាគីពាក់ព័ន្ធរួមាន៖ (១) ការទទួលស្គាល់សិទ្ធអំណាចរបស់ភាគីពាក់ពន្ធ័ (២) ការកាត់បន្ថយការប្រើប្រាស់អាម្មណ៍អវិជ្ជមានពេលធ្វើការជាមួយភាគីពាក់ពន្ធ័ (៣)ការស្វែងយល់ពីភាគីពាក់ពន្ធ័ (៤) ការសាកសួរប្រមូលយកការផ្តល់យោបល់ពីភាគីពាក់ព័ន្ធ (៥)ការរក្សាភាពស្មោះត្រង់ (៦)ការធ្វើឱ្យភាគីពាក់ពន្ធ័ពេញចិត្តនឹងចូលរួមជួយយើង និង(៧) ការរៀបចំរបៀបទំនាក់ទំនងរបស់យើងឱ្យស្របទៅនឹងស្ថានភាពរបស់ភាគីពាក់ពន្ធ័។
នៅក្នុងសប្តាហ៍នេះក៏មានបទបង្ហាញពីមន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្រោមប្រធានបទ «ការបង្កើនការជូនដំណឹងអំពីតម្លៃគ្រោះថ្នាក់ និងតេស្តគ្រោះថ្នាក់នៃលទ្ធផលរបស់អ្នកជំងឺទៅគ្រូពេទ្យឱ្យបានគ្រប់ករណី និងទាន់ពេលវេលា»។
សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល អង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង ៥ ចាប់តាំងពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ជាតិ៕