(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅតែមានគំរោងធ្វើដំណើរទស្សនកិច្ចទៅកាន់ ប្រទេសបារំាង នៅថ្ងៃទី១៩ ខែតុលា ខាងមុខនេះ បើទោះបីជាប្រធានាធិបតីលោក ហ្រ្វង់ស័រ ហូឡង់ បានបង្ហាញពីការរារែកចិត្ត ក្នុងការទទួលស្វាគមន៍បុរសខ្លាំងរុស្ស៊ីរូបនេះក៏ដោយ។ នេះបើតាមសម្តី របស់អ្នកនំាពាក្យវិមានក្រឹមឡាំង ចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀល ថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០១៦។
ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះដែរ កាលពីថ្ងៃអាទិត្យ នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ បារំាង TMC លោក ហ្រ្វង់ស័រ ហូឡង់ បានបង្ហាញការរារែកចិត្ត ក៏ដូចជាសោកស្ដាយចំពោះទីក្រុងមូស្គូ ដែលបានគំាទ្ររបបដឹកនំាទីក្រុងដាម៉ាស់ ដែលកំពុងធ្វើការវាយប្រហារទៅលើទីក្រុង អាឡេប៉ូ។ លោក ហូឡង់ បានលើក ឡើងដូច្នេះថា «ខ្ញុំបានចោទសួរខ្លួនឯង (...) តើវាពិតជាមានសារៈសំខាន់ និង ចាំបាច់ ឬក៏ជាសំពាធមួយដែរ ឬទេចំពោះការទទួលស្វាគមន៍រូបលោក (លោកពូទីន)?
ក៏ប៉ុន្តែអ្វីដែលយើងត្រូវធ្វើគឺជម្រុញឱ្យលោក (លោកពូទីន)បញ្ឈប់ការ ប្រព្រឹត្តិជាមួយរដ្ឋាភិបាលស៊ីរី ពោលគឺឈប់គាំទ្រកងកម្លាំងទ័ពអាកាសរដ្ឋាភិបាលស៊ីរី ដែលបាននិងកំពុងទម្លាក់ គ្រាប់បែកលើ ប្រជាជនស៊ីរី នៅក្នុងទីក្រុង អាឡេប៉ូ។ ដូច្នេះនៅពេលខ្ញុំបានជួបលោក ខ្ញុំនឹងប្រាប់ថានេះជារឿង មិនអាច ទទួលយកបាន ហើយវាក៏នឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់រូបភាពរបស់រុស្ស៊ី ផងដែរ។ មិនតែប៉ុណ្ណោះ អ្នកទទួលខុសត្រូវលើបទឧក្រិដ្ឋសង្រ្គាមនេះ នឹងត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ»។
គួររំលឹកថា ទំនាក់ទំនងរវាងទីក្រុងប៉ារីស និង ទីក្រុងមូស្គូ ហាក់ដូចជាមានភាពតានតឹងនឹងគ្នា បន្ទាប់ពី រុស្ស៊ី បានប្រើសិទ្ធិវេតូជំទាស់ទៅនឹងដំណោះស្រាយបទឈប់បាញ់សម្រាប់ស៊ីរី ដែលបានស្នើឡើង ដោយភាគីបារំាង នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ៕