(ភ្នំពេញ)៖ លោក ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគម្រោងលើកទី២ «The 2nd Joint Coordinating Committee » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ។

កម្មវិធីនេះ បានធ្វើឡើងនៅសណ្ឋាគារ Raffles Hotel Le Royal ដែលមានការអញ្ជើញចូលរួម ពីសមាសភាពតំណាងនាយកដ្ឋានពាក់ព័ន្ធនានានៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក៏ដូចជាសមាសភាពតំណាងអង្គភាពពាក់ព័ន្ធមកពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារជាតិនៃកម្ពុជា និងតំណាងស្ថានទូតជប៉ុន ទីភ្នាក់ងារ JICA ប្រចាំកម្ពុជា ទីភ្នាក់ងារ JICA កណ្ដាល និងក្រុមការងារ JICA នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រផងដែរ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ ស្ថិតក្នុងគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុន តាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជា ក្នុងគោលបំណងធ្វើឱ្យសន្តិសុខសាយប័រនៃសង្គមឌីជីថលរបស់កម្ពុជាមានភាពធន់ខ្ពស់តាមរយៈសកម្មភាពធំៗចំនួន៣៖
(១)៖ លើកកម្ពស់សមត្ថភាពនៃអង្គភាព និងស្ថាប័ននានាក្នុងប្រទេសក្នុងការឆ្លើយតបទៅនឹងឧប្បត្តិហេតុសន្តិសុខសាយប័រ
(២)៖ បង្កើនភាពធន់នៃសន្តិសុខសាយប័ររបស់ស្ថាប័ន និងអង្គភាពនានារបស់រាជរដ្ឋាភិបាល ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ
និង(៣)៖ កត់សម្គាល់គោលនយោបាយ និងច្បាប់សំខាន់ៗទាក់ទងនឹងសន្តិសុខសាយប័រ សម្រាប់រាជរដ្ឋាភិបាលរៀបចំ និងអនុម័ត៕