(ភ្នំពេញ)៖ លោក ហេង សុខណា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែតុលា ប្រកាសសាលក្រមផ្តន្ទាទោសលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ និងពិន័យជាប្រាក់ចំនួន៤លានរៀល ក្រោមការចោទប្រកាន់ចំនួនពីរបទល្មើស គឺបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង បទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៥ និង៤៩៦ នៃក្រមព្រហ្មទណ្ឌ។
តុលាការរកឃើញថា លោក អ៊ុំ សំអាន មានចេតនាបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង ញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ តាមរយៈការសរសេរនិងអត្ថាធិប្បាយ ពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម។
ការប្រកាសសាលក្រមនេះ ធ្វើឡើងដោយកំបាំងមុខលោក អ៊ុំ សំអាន និង សហមេធាវី តែចាត់ទុកជាចំពោះមុខ ហើយបើកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍រយៈពេលមួយខែ។
លោក ជួង ជូងី មេធាវីការពារក្តីឱ្យ លោក អ៊ុំ សំអាន ពុំមានប្រតិកម្មអ្វីទៅនឹងការប្រកាសសាលក្រមនេះទេ។ លោកថា លោកនឹងពិភាក្សាជាមួយកូនក្តីរបស់លោក គឺ លោក អ៊ុំ សំអាន នៅពេលឆាប់ៗនេះ ដើម្បីសម្រេចថា តើត្រូវប្តឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍ ឬយ៉ាងណា។