(ភ្នំពេញ)៖ លោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួល (The 4th Joint Coordination Committee-JCC) លើកទី៤ ជាមួយនឹងក្រុមការងារដើម្បីអនុវត្តគម្រោងពង្រឹងសមត្ថភាពរដ្ឋបាលកំពង់ផែនៅកម្ពុជា ដោយមានការចូលរួមពីលោកអនុរដ្ឋលេខាធិការ មន្ត្រីពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មការសម្របសម្រួលអនុវត្តគម្រោង និងក្រុមជំនាញការជប៉ុនផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើងនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងពង្រឹងសមត្ថភាពរដ្ឋបាលកំពង់ផែនៅកម្ពុជា ដែលជាផ្នែកមួយនៃគម្រោង "គោលការណ៍ណែនាំសម្រាប់ផែនការអភិវឌ្ឍន៍កំពង់ផែ" និង "ស្តង់ដារបច្ចេកទេសកំពង់ផែនៅកម្ពុជា" ដោយបានបន្តផ្លាស់ប្តូរមតិយោបល់លើដំណើរការអនុវត្តគម្រោង ពេលវេលា និងការងារដែលបានកំណត់ សំដៅធ្វើយ៉ាងណាឱ្យគម្រោងនេះដំណើរការទៅឆាប់រហ័ស មានភាពសុក្រឹត និងអាចអនុវត្តបានដោយប្រសិទ្ធភាព ស្របទៅតាមច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹកនៅព្រះរាជាណាចក្រកម្ពុជា៕