(បន្ទាយមានជ័យ)៖ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ហេង ហាក់ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ បានប្រកាសផ្លាស់ប្ដូរប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យចាស់ លោក ហ៊ិន សុផល ដាស់ជំនួសដោយ លោក អ៊ុង ស៊ីផាន តែមន្ត្រីក្រោមឱវាទមួយចំនួន ហាក់មិនសប្បាយចិត្ត ដោយសោកស្តាយ និងគោរពស្រឡាញ់ប្រធានចាស់ ដែលមានសមត្ថភាព និងធនធានគ្រប់គ្រាន់។
មន្រ្តីពន្ធនាគារខេត្តបន្ទាយមានជ័យម្នាក់ បានឲ្យដឹងថា ពិធីប្រកាសតែងតាំងប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យថ្មី នឹងធ្វើឡើងក្រោមវត្តមាន លោក ហេង ហាក់ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ នៅពន្ធនាគារខេត្តបន្ទាយមានជ័យ។
លោក ហ៊ិន សុផល បានប្រាប់អង្គភាព Fresh News ថា ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ពិតជាបានផ្លាស់ប្តូរពិតមែន នៅល្ងាចថ្ងៃនេះ ដោយលោកត្រូវចូលនិវត្តន៍ ហើយត្រូវបានប្រកាសតែងតាំងលោក អ៊ុង ស៊ីផាន អនុប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ តែងតាំងជាប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យថ្មី។
មន្រ្តីពន្ធនាគារខ្លះបានលួចបង្ហើបថា ការប្រកាសតែងតាំងលោក អ៊ុង ស៊ីផាន ពីអនុប្រធានពន្ធនាគារខេត្ត ទៅជាប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យថ្មីនេះ មានមន្ត្រីខ្លះមិនសប្បាយចិត្ត ព្រោះអាណិតស្រលាញ់លោក ហ៊ិន សុផល ប្រធានពន្ធនាគារចាស់ ដែលមានទាំងធនធាន និងសមត្ថភាពការងារគ្រប់គ្រាន់បំពេញការងារនៅឡើយ៕