(ឧត្ដរមានជ័យ​)៖​ កម្លាំង​នគរបាលស្រុកអន្លង់វែង នៅ​ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ បានឃាត់ខ្លួនជនសង្ស័យ២នាក់ប្ដីប្រពន្ធ តាមដីការរបស់សាលាដំបូងខេត្តឧត្តរមានជ័យ ដែលពាក់ព័ន្ធក្នុងករណីគ្រឿងញៀន។

មន្ដ្រីនគរបាល បានឲ្យដឹងថា ការឃាត់ខ្លួននេះ កម្លាំងជំនាញអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ​០៥៥ ដបច/១៦ និងលេខ​០៥៦ ដបច /១៦ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ របស់ លោក អ៊ាក ផល្លា ចៅក្រមស៊ើសួរ នៃសាលាដំបូងខេត្តឧត្តរមានជ័យ។ មន្ដ្រីដដែល បញ្ជាក់ថា ​ជនសង្ស័យទាំង២ ទី១-​ឈ្មោះ​ជា ភឿន ហៅទីន អាយុ៣៩​ឆ្នាំ ជាប្ដី មុខរបរ​យោធា ទី២​-ឈ្មោះ ប៉ិច មុំ អាយុ​៤៣​ឆ្នាំ​ ជា​ប្រពន្ធ ដែលជនសង្ស័យទាំង២ ពាក់ព័ន្ធករណី ជួញដូរ​សារធាតុញៀន ប្រព្រឹត្តនៅភូមិអូរតាម៉ែង ឃុំអន្លង់វែង ស្រុកអន្លង់វែង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច កំពុងរៀបចំ​សំណុំរឿង ដើម្បីបញ្ជូន​ចាត់ការបន្តតាមនិតិវិធី​៕