(ត្បូងឃ្មុំ)៖ លោក ផារ៉ា មង្គល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកក្រូចឆ្មារ លោក ង៉ូវ ប៉ូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិ និងអភិបាល ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មការទូក «ង» និងឧបត្ថម្ភលើកទឹកចិត្ត ដល់ក្រុមកីឡាករទូក «ង» ទាំងអស់ មកពីស្រុកក្រូចឆ្មារ ដែលត្រូវចូលរួមប្រកួតប្រជែង ប្រណាំងទូក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង។
នាឱកាសសំណេះសំណាល និងប្រគល់ជូននូវអំណោយសម្ភារៈគ្រឿងឧបភោគ-បរិភោគ និងថវិកា ដល់គណកម្មការ និងកីឡាករអុំទូកនេះ ធ្វើឡើងនៅចំណតទូកផែថ្ម ក្នុងសង្កាត់ដូនពេញ រាជធានីភ្នំពេញលោក ផារ៉ា មង្គល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី បានមានប្រសាសន៍លើកទឹកចិត្តដល់ក្រុមកីឡាករទូក ង ទាំងអស់ ដែលមកពីស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សូមខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីនាំយកនូវជ័យជម្នះ និងកិត្តិយសជូនដល់ក្រុមគ្រួសារ និងស្រុកក្រូចឆ្មារយើង។
លោក បន្តថា ការប្រកួតប្រជែង តែងតែមានឈ្នះមានចាញ់ ជារឿងធម្មតា ដូច្នេះទោះបីជាលទ្ធផលយ៉ាងណាក៏ដោយ សូមបន្តស្មារតីសាមគ្គីភាព និងខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីយកជ័យជំនះក្នុងការប្រកួតឆ្នាំក្រោយៗទៀត។ ហើយការប្រកួតទូក ង នេះ មិនមែនគ្រាន់តែជាការប្រកួតដើម្បីរង្វាន់ ឬចាញ់ឈ្នះប៉ុណ្ណោះទេ ក៏ប៉ុន្តែ គឺជាការបន្តស្មារតី និងការរក្សាទំនៀមទម្លាប់បុរាណខ្មែរ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប។
លោក ផារ៉ា មង្គល បានផ្តាំផ្ញើដល់បងប្អូនកីឡាករទាំងអស់ ត្រូវតែរក្សាវិន័យ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ទទួលទានស្អាត មានអនាម័យ ថែរក្សាសុខភាពឲ្យបានល្អ និងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមខ្លួនឱ្យបានរួចរាល់ សម្រាប់ការប្រកួតនាពេលខាងមុខនេះ ឲ្យទទួលបានលទ្ធផលល្អ។
ក្នុងឱកាសនោះផងដែរ លោក ង៉ូវ ប៉ូរីណា លោក ប៉ែន កុសល្យ និងអ្នកឧកញ៉ា សំអាង វឌ្ឍន: ក៏បានផ្តាំផ្ញើដល់កីឡាករទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវវិន័យ ការរស់នៅស្អាត និងរួមសាមគ្គីគ្នាជាកម្លាំងដ៏រឹងមាំមួយ ដើម្បីយកជ័យជម្នះលើគូប្រកួតរបស់ខ្លួន ជូនថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ។
បន្ថែមលើនេះ ក៏បានកោតសរសើរ និងលើកទឹកចិត្ត ដល់គណៈកម្មការទូក «ង» និងក្រុមកីឡាករអុំទូកទាំងអស់ ដែលកន្លងមកតែងបានខិតខំបញ្ចេញកម្លាំងកាយ ចិត្ត ស្មារតី ឆន្ទ: និងទេពកោសល្យ ដណ្តើមជ័យលាភីជូនខេត្តផងដែរ៕