(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ បានប្រតិកម្មទៅនឹងការបញ្ចេញសារ «ទិញមិនលក់ សំឡុតមិនខ្លាច» ជាថ្មីរបស់មេដឹកនាំ គណបក្សសង្រ្គោះជាតិ។ លោកចាត់ទុកថា សារនយោបាយនេះ ជាការភូតភរដើម្បីឱ្យសាធារណជនគិតថា គណបក្សប្រឆាំង គឺជាអ្នករងគ្រោះតែប៉ុណ្ណោះ។
ការលើកឡើងរបស់ លោក ផៃ ស៊ីផាន បានធ្វើឡើងនៅលើបណ្តាញសង្គម Facebook នៅគ្រាដែលគណបក្សប្រឆាំងកំពុងផ្សព្វផ្សាយអំពីព័ត៌មានមួយថា ខ្លួនកំពុងមានការគំរាមកំហែង ហើយយកបញ្ហានេះ ដើម្បីក្រឡាស់ជំហរមិនចូលប្រជុំសភា កាលពីសប្តាហ៍មុន។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា «ទិញមិនលក់ សំឡុតមិនខ្លាច» នេះជាសារនយោបាយរបស់ CNRP ដែលបានបង្ហាញនូវភាពតក់ស្លត់ និងរន្ធត់ ដើម្បីវាយប្រហារមកលើ CPP ក៏ដូចជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ សារនេះជាសញ្ញាណនៃការប្រឌិត ដើម្បីភូតភរទាក់ទាញមតិសាធារណជន ឲ្យយល់ឃើញថា CNRP ជាគណបក្សរងគ្រោះ និងបង្ហាញពីកំដៅនយោបាយ ដែលគេកាលៃការពិត។ ចុះហេតុដូចម្តេច បានបង្ហាញថា មានការភ័យខ្លាចនាពេលនេះ? ឬមួយចង់បញ្ជេញសារ សម្រាប់ប្រើប្រាស់ដល់ក្រុមយកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីធ្វើរបាយការណ៍ថា មានការគាបសង្កត់នយោបាយ។
លោក ផៃ ស៊ីផាន បានបន្ថែមទៀតថា «នេះជាឆាកល្ខោននយោបាយ ដែលបង្ហាញទស្សនិយភាពភូតភរ និងជាខ្លឹមសារនយោបាយប្រឌិតតែប៉ុណ្ណោះ។ ក៏ប៉ុន្តែសារដែលថា “ទិញមិនលក់ សំឡុតមិនខ្លាច» ក្លាយទៅជាសារអាម៉ាស់របស់ និងចំអកឡកឡើយឲ្យ CNRP តែប៉ុណ្ណោះ។ សួរថាភាពក្លាហាន ដែលជាកាតព្វកិច្ចរបស់ CNRP បម្រើ និងការពារប្រជាជន ដែលខ្លួនអះអាង ជានិច្ចកាល រហូតដល់ជាពាក្យស្លោករបស់CNRP ផងនោះ តើប្រជាពលរដ្ឋ លោកជឿម្តេចបាន ចំពោះភាពកំសាកបែបនេះ?»៕