(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាលខេត្តបាត់ដំបង បាននាំបច្ច័យ និងទេយ្យវត្ថុ អង្គកឋិនទានរបស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី ដើម្បីប្រគេនជូនព្រះសង្ឃចំនួន២០វត្ត នៅតាមបណ្តាក្រុង ស្រុកនានាក្នុងខេត្តបាត់ដំបង។
ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន មន្ទីរ អង្គភាព មន្ត្រីរាជការ ស្ថាប័ន នានាជុំវិញខេត្ត នៅវត្តពោធិ៍វាលក្រុងបាត់ដំបង។
លោក សុខ លូ បានបញ្ជាក់ថា ស្ថិតក្នុងរដូវកាលអង្គកឋិនរយៈពេល១ខែមិនទាន់ត្រូវបានបញ្ចប់នៅឡើយនោះ ដូច្នេះ
អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានចាត់តំណាង ដែលជាថ្នាក់នាំខេត្ត និងមន្រ្តីរាជការក្នុងខេត្តបាត់ដំបងទាំងអស់ដើម្បីនាំបច្ច័យ និងទេយ្យវត្ថុ អង្គកឋិនទានប្រគេនជូនព្រះសង្ឃដែលបាននិមន្តមកពីវត្តនៅតាមបណ្តាក្រុង ស្រុកនានាចំនួន២០វត្ត នៃខេត្តបាត់ដំបង។
លោកអភិបាលខេត្តបានបន្តថា បច្ច័យ និងទេយ្យវត្ថុ ដែលត្រូវប្រគេនជូនព្រះសង្ឃទាំង២០វត្តនាពេលនេះក្នុងវត្តនីមួយៗទទួលបានមានអង្ករ៤ ការ៉ុងស្មើនឹង២០០គីឡូក្រាម, ទឹកបរិសុទ្ធ ៥កេស ទឹកក្រូច៥កេស, ត្រីខ ៥យួរ, មី៥កេស និងបច្ច័យមួយចំនួនទៀត៕