(កណ្ដាល)៖ សម្ភារបរិក្ខាពេទ្យ និងសម្ភារការិយាល័យមួយចំនួន ដែលជាអំណោយរបស់ក្រុមហ៊ុន Haucam  តាមរយៈមូលនិធិសៅសារី ត្រូវបានរៀបចំពិធីប្រគល់ជូនដល់ មណ្ឌលសុខភាព អំពៅព្រៃ ស្ថិតក្នុងតាដោលទី១ ឃុំអំពៅព្រៃ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីបម្រើសេវាសុខាភិបាលជូនដល់បងប្អូនប្រជាពលនៅក្នងមូលដ្ឋាន។

ពិធីប្រគល់ និងទទួលធ្វើឡើងក្រោមអធិបតីភាពលោក សេង ស៊ីណារិន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំអំពៅព្រៃ តំណាងលោកកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង និងលោកស្រី ចាង វេនហ្សា អគ្គនាយិកា ក្រុមហ៊ុន ARK Electronic នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។

បើតាមរបាយការណ៍របស់លោក ផាត់ សុខចាន់ ប្រធានមណ្ឌលសុខភាពអំពៅព្រៃ បានឱ្យដឹងថា មណ្ឌលសុខភាពអំពៅព្រៃ បានចាប់ផ្តើមកសាងនៅក្នុងឆ្នាំ២០១៥ ក្រោមគំនិតផ្តួចផ្តើមរបស់លោក សេង ស៊ីណារិន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំអំពៅព្រៃ និងបានស្នើបញ្ជូលជាមណ្ឌលសុខភាពជាផ្លូវការនៅដើមឆ្នាំ២០១៦។

លោកបានបន្តថា មណ្ឌលសុខភាពមានបុគ្គលិកកំពុងបម្រើសេវា ចំនួន១៤នាក់ ក្នុងនោះមានវេជ្ជបណ្ឌិត១នាក់ គិលានុប្បដ្ឋាក ៧នាក់ ឆ្មម ៥នាក់ អ្នកបច្ចេកទេសមន្ទីពិសោធន៍ ១នាក់ និងបុគ្គលិកបណ្តែត ២នាក់  ហើយមានបុគ្គលិកប្រចាំការ ២៤ម៉ោង។ ក្នុងនាមមណ្ឌលសុខភាពអំពៅព្រៃ លោក ផាត់ សុខចាន់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រោលជៅបំផុតជូនចំពោះលោក សេង ស៊ីណារិន រួមទាំងក្រុមការងារ ដែលបានលះបង់កម្លាំងកាយចិត្តជួយដល់មណ្ឌលសុខភាពអំពៅព្រៃជារៀងរហូតមក និងសូមអរគុណលោកស្រី ចាង វេនហ្សា ដែលបានផ្តល់ជាសម្ភារ បរិក្ខាពេទ្យ ដូចជា៖ ថាមពលសឡា, ម៉ាស៊ីនអេកូ, ឧបករណ៍សម្លាប់មេរោគលើសម្ភារវេជ្ជសាស្រ្ត, គ្រែរុញអ្នកជំងឺសង្រ្គោះបន្ទាន់ និងសម្ភារការិយាល័យមួយចំនួនទៀត។

លោកស្រី ចាង វេនហ្សា អគ្គនាយិកាក្រុមហ៊ុន ARK Electronic សង្ឃឹមថាសម្ភារ និងឧបករណ៍ពេទ្យទាំងអស់នេះនឹងជួយបម្រើឱ្យវិស័យសុខាភិបាលនៅក្នុងមណ្ឌលសុខភាពអំពៅព្រៃមួយផ្នែកដែរ។ សម្ភារឧបករណ៍ទាំងនេះ និងជួយសម្រាលដល់ការខ្វះខាតរបស់ក្រុមគ្រូពេទ្យក្នុងមណ្ឌលសុខភាព និងជួយដល់អ្នកជំងឺដែលចូលមកសម្រាកព្យាបាលនៅទីនេះ។

លោក សេង ស៊ីណារិន ក្នុងនាមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុន ហៀង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមហ៊ុនក្នុងស្រុក ដែលបានជួយជំរុញឱ្យលោកស្រី ចាង វេនហ្សា ជួយឧបត្ថម្ភជាសម្ភារ បរិក្ខាពេទ្យ និងសម្ភារៈការិយាល័យ ដល់មណ្ឌលសុខភាពនាពេលនេះ។

លោក សេង ស៊ីណារិន ក៏បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនឥតឈប់ឈរ លើគ្រប់វិស័យទាំងលើវិស័យសុខាភិបាលផងដែរ។

លោកបន្តថា នៅក្រោមដំបូលនៃសុខសន្តិភាព ទើបមានអ្វីៗដូចសព្វថ្ងៃនេះហើយថ្ងៃនេះការទទួលបានសម្ភារ បរិក្ខាពេទ្យ និងសម្ភារៈការិយល័យ មួយចំនួននេះ នឹងបានបំពេញនូវការខ្វះខាតរបស់មណ្ឌលសុខភាពអំពៅព្រៃ។ សម្ភារឧបករណ៍ទាំងនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជួយដល់អ្នកជំងឺ ហើយវាក៏បានជួយសម្រាលទៅដល់ការលំបាករបស់គ្រូពេទ្យ ក្នុងការមើលថែ និងព្យាបាលដល់អ្នកជំងឺ ដែលមកសម្រាកព្យាបាលនៅមណ្ឌលសុខភាពផងដែរ។ ការចូលរួមជួយរបស់លោកស្រី ចាង វេនហ្សា បានបង្ហាញពីសន្ដានចិត្តសប្បុរសធម៌ សាមគ្គីភាព ការគាំទ្រប្រកបដោយគុណធម៌ ក្នុងវិស័យសុខាភិបាល ជូនប្រជាពលរដ្ឋនៅទូទាំអឃុំអំពៅព្រៃ។

នាឱកាសនោះដែរ លោក សេង ស៊ីណារិន ក៏បានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាព ឃុំអំពៅព្រៃ ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពរដ្ឋប្រកបដោយការគោរពនូវក្រមសីលធម៌ មិនរើសអើងប្រជាពលរដ្ឋ និងថែរក្សាអ្នកជំងឺប្រកបដោយវិជ្ជាជីវៈ ព្រមទាំងថែរក្សានូវសម្ភារ ដែលបានបំពាក់នៅពេលនេះ សម្រាប់ជាប្រយោជន៍រួម តទៅថ្ងៃខាងមុខ៕