(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់មហាសន្និបាតពាណិជ្ជកម្មត្រកូលលីនពិភពលោកថា កម្ពុជាពោរពេញដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាឱកាសសម្រាប់ការវិនិយោគលើវិស័យទេសចរណ៍។
លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាធិបតីក្នុងពិធីបើក «មហាសន្និបាតពាណិជ្ជកម្មត្រកូលលីនពិភពលោក» នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមពីអ្នកឧកញ៉ា តាន់ស្រ៊ី លីម ស៊ុនផេង ប្រធានស្ថាបនិកសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក លោក លីម ស៊ីងហ្វាត សហប្រធានសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា និងភ្ញៀវកិត្តិយស ព្រមទាំងបណ្តាពាណិជ្ជករត្រកូលលីនទាំងអស់ទូទាំងពិភពលោក។
សូមជម្រាបជូនថា មហាសន្និបាតដ៏មានសារសំខាន់នេះ គឺជាវេទិកាដ៏មានសារសំខាន់ដែលអនុញ្ញាតឱ្យមានការជួបជុំគ្នារវាងពាណិជ្ជករត្រកូលលីន និងមិនមែនត្រកូលលីននៅកម្ពុជា និងមកពីបណ្តាប្រទេសនានានៅលើពិភពលោក ដើម្បីបង្ហាញពីសក្តានុពល និងឱកាសវិនិយោគថ្មីៗក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យទេសចរណ៍ និងដើម្បីរួមគ្នាពិភាក្សាអំពីចំណុចខ្លាំង កាលានុវត្តភាព បញ្ហាប្រឈម ទស្សនវិស័យ និងការដាក់ចេញនូវអនុសាសន៍នានា ដើម្បីជំរុញកំណើនវិនិយោគិន និងភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
ថ្លែងក្នុងមហាសន្និបាត លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា តាមរយៈការរៀបចំ «មហាសន្និបាតពាណិជ្ជកម្មត្រកូលលីនពិភពលោក» ពាណិជ្ជករដែលមានវត្តមានក្នុងកម្មវិធីនេះ នឹងចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី ឱកាសនៃការវិនិយោគដើម្បីជំរុញការផលិតក្នុងស្រុក សក្តានុពលទេសចរណ៍របស់ប្រទេសកម្ពុជា ជាពិសេសជួយផ្សព្វផ្សាយអំពីសភាពការណ៍ពិតនៅកម្ពុជា កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ តាមគ្រប់រូបភាព បណ្តាញសង្គម ជូនដល់សហគមន៍ចិននៅប្រទេសនានានៅលើពិភពលោក។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីក៏បានអំពាវនាវដល់ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ ចូលរួមទាំងអស់គ្នាជាមួយក្រសួងទេសចរណ៍ ក្នុងយុទ្ធនាការ៖ ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! និង ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!៕