(កំពត)៖ ជនសង្ស័យ៥នាក់ ក្នុងនោះលោកសង្ឃចំនួន៣អង្គ គង់នៅវត្តដងទង់ ត្រូវបានកម្លាំងនគរបាល រកឃើញពាក់ព័ន្ធប្រើប្រាស់នូវសារធាតុញៀន ហើយឃាត់ខ្លួនជាបន្តបន្ទាប់ នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។
មន្ត្រីនគរបាល ស្រុកដងទង់ បានឲ្យដឹងថា កម្លាំងនគរបាលបានឃាត់ខ្លួន អ្នកប្រើប្រាស់ថ្នាំញៀន២នាក់ រួមមាន ឈ្មោះ ងយ នី អាយុ២១ឆ្នាំ និងឈ្មោះ ហេង តារា អាយុ១៦ឆ្នាំ (មានម្នាក់ជា លោកសង្ឃបួសនៅក្នុងវត្តដងទង់) ក្នុងនោះសមត្ថកិច្ចដកហូតថ្នាំ១កញ្ចប់។ ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាព ប្រាប់សមត្ថកិច្ចថា មានព្រះសង្ឃគង់នៅក្នុងវត្តដងទង់ បានប្រើប្រាស់ថ្នាំញៀនជាច្រើនអង្គទៀត ហើយពេលនោះកម្លាំង ក៏បានសុំការអនុញ្ញាត ពីលោកចៅអធិការវត្ត និងព្រះអនុគណៈស្រុក ចុះសហការចូលរួម ដើម្បីហៅលោកសង្ឃធ្វើតេស្តទឹកនោម ស្រាប់តែរកឃើញថា ព្រះសង្ឃ២អង្គទៀត មានផ្ទុកសារធាតុញៀន និងមានក្មេងម្នាក់ មកលេងជាមួយលោកសង្ឃ ក៏មានផ្ទុកសារធាតុញៀនដែរ។
ជនសង្ស័យជាព្រះសង្ឃ និងក្មេង ដែលឃាត់ខ្លូន ក្រោយនេះ ទី១-ឈ្មោះ រិន រីន អាយុ១៦ឆ្នាំ ទី២-ឈ្មោះ ផន ភក្តី អាយុ១៧ឆ្នាំ និងទី៣-ឈ្មោះ កែម រ៉ាញ អាយុ១៦ឆ្នាំ។ មន្ដ្រីនគរបាល ដដែលបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនព្រះសង្ឃ ត្រូវបានព្រះអនុគណ សម្រេចចាប់ផ្សឹកទាំងយប់ ហើយប្រគល់ឲ្យសមត្ថកិច្ច កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕