Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្នលោក មួង ឃឹម និងលោក អ៊ុត ធី ក្រោមបទចោទ «ជំនួយឥទ្ធិពលសកម្ម និងជំនួយឥទ្ធិពលអកម្ម»

12-11-2024 18:17

(ភ្នំពេញ)៖ បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ អ៊ុត ធី និងឈ្មោះ មួង ឃឹម ដោយចោទប្រកាន់ពីបទ «ជំនួយឥទ្ធិពលសកម្ម និងជំនួយឥទ្ធិពលអកម្ម» នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ តាមរយៈសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧២៥៦ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណីជំនួញឥទ្ធិពលសកម្ម, ជំនួញឥទ្ធិពលអកម្ម និងសមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម ដែលមានជនត្រូវចោទមានខ្លួនចំនួន២នាក់ គឺ ១៖ឈ្មោះ អ៊ុត ធី អាយុ៦៦ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «ជំនួញឥទ្ធិពលសកម្ម» និង ២៖ឈ្មោះ មួង ឃឹម អាយុ៦១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «ជំនួញឥទ្ធិពលអកម្ម»។

ក្រៅពីជនត្រូវចោទទាំង២នាក់នេះ ក៏មានជនត្រូវចោទពីរនាក់ទៀតដែលពាក់ព័ន្ធករណីនេះ គឺឈ្មោះ ដួង ដារា អាយុ៥៦ឆ្នាំ (កំពុងឃុំខ្លួននៅពន្ធនាគារ) ត្រូវបានចោទប្រកាន់ពីបទ «ជំនួញឥទ្ធិពលអកម្ម» និងឈ្មោះ លី សាម៉េត អាយុ៧១ឆ្នាំ (កំពុងឃុំខ្លួននៅពន្ធនាគារ) ត្រូវបានចោទប្រកាន់ពីបទ «សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម» ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ មាត្រា ៦០៦ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ៕