(ភ្នំពេញ)៖ នៅចំពោះមុខវិនិយោគិនបរទេស ដែលកំពុងមានវត្តមានក្នុងប្រទេសកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឲ្យវិនិយោគិនទាំងអស់ជួយ ផ្សព្វផ្សាយព័ត៌មានពិតដែលកំពុង មើលឃើញស្រាប់ ដើម្បីលុបបំបាត់ព័ត៌មានប្រឌិត ដែលផ្សាយចោទប្រកាន់នាំឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កេរ្ដិ៍របស់កម្ពុជាំ។

ការអំពាវនាវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីជួបសំណេះសំណាល និងពិសារភោជនាហារសាមគ្គី ពាណិជ្ជករត្រកូលលីន ពិភពលោក ដែលមានការចូលរួមភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិ ក្នុងនោះសមាជិក សមាជិការបស់សភាពាណិជ្ជកម្ម ត្រកូលលីន ពិភពលោក មកពី៤ប្រទេស រួមមាន ប្រទេសម៉ាឡេស៊ី សឹង្ហបុរី កូរ៉េខាងត្បូង និងប្រទេសចិនក្នុងតំបន់ជាច្រើនទៀត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលមានវត្តមាននៅទីនេះ សូមជួយធ្វើការផ្សព្វផ្សាយនូវព័ត៌មានពិតរបស់កម្ពុជា ទៅឲ្យមិត្តភ័ក្ត បងប្អូន ដៃគូសហការ និងក្រុមគ្រួសាររបស់អស់លោក-លោកស្រី ហើយអញ្ជើញពួកគាត់មកលេង មកមើល និងស្វែងយល់ពីកម្ពុជា»

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, កម្ពុជាស្វាគមន៍ជានិច្ចនូវការអញ្ជើញមកដល់របស់ភ្ញៀវបរទេសទាំងអស់ មិនថាមកវិនិយោគ, មកដើរលេងកម្សាន្ត ឬមកសិក្សាស្វែងយល់នោះទេ គឺកម្ពុជាស្វាគមន៍ជានិច្ច។ សម្ដេចបន្ដថា កម្ពុជាពិតជាមានសុខសុវត្ថិភាពពិតប្រាកដមែន ដែលភ្ញៀវអន្តរជាតិអាចមកកម្សាន្ដ ដោយមិនមានក្តីបារម្ភ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា មហាសន្និបាតសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក នៅពេលនេះមិនត្រឹមតែជាកម្មវិធី ដែលកៀរគរនូវវិនិយោគគិនតែប៉ុណ្ណោះទេ ប៉ុន្តែជាកម្មវិធីមួយ ដែលអាចបង្ហាញទៅពិភពលោក ឲ្យបានឃើញតថភាពជាក់ស្តែង និងពិតប្រាកដរបស់ប្រទេសកម្ពុជា ដែលមានសុខសុវត្តិភាពពិតប្រាកដមែន មិនដូចជាអ្វីដែលពួកគាត់បានមើលឃើញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយមួយចំនួននោះទេ៕