(ភ្នំពេញ)៖ សប្តាហ៍ថាមពលស្អាត ដែលបានរៀបចំឡើងរយៈពេលមួយសប្តាហ៍នៅកម្ពុជា បានបញ្ចប់ដោយជោគជ័យ ដោយភាគីពាក់ព័ន្ធបានបន្តគាំទ្រវិស័យថាមពលស្អាតនៅកម្ពុជា​ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យថាមពលប្រកបដោយចីរភាព។

​សប្តាហ៍ថាមពលស្អាតបានក្លាយជាវេទិកាដ៏សំខាន់សម្រាប់ប្រមូលផ្ដុំអ្នកតស៊ូមតិ​ និងដៃគូក្នុងវិស័យថាមពលស្អាតរបស់កម្ពុជា ដើម្បីបង្កើនកិច្ចសន្ទនា និងជំរុញភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងវិស័យថាមពលប្រកបដោយចីរភាព។

ក្នុងឆ្នាំទី៧នេះ សប្តាហ៍ថាមពលស្អាត ២០២៤ បានបញ្ជាក់ពីវឌ្ឍនភាពរបស់កម្ពុជាក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ ដោយបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការផ្លាស់ប្តូរដែលផ្តល់អត្ថប្រយោជន៍ដល់ប្រទេសជាតិ និងកំណត់កម្ពុជាជាប្រទេសដឹកនាំថ្មីមួយក្នុងអន្តរកាលថាមពលនៅអាស៊ីអាគ្នេយ៍។ កម្មវិធីនានានៅក្នុងសប្តាហ៍ថាមពលស្អាតមួយនេះ បានប្រមូលផ្តុំអ្នកចូលរួមចម្រុះ រួមមានអ្នកបង្កើតគោលនយោបាយ អ្នកដឹកនាំឧស្សាហកម្ម តំណាងសហគមន៍ សិស្សនិស្សិត និងដៃគូអន្តរជាតិ ដើម្បីចូលរួមក្នុងការពិភាក្សាអំពីទិដ្ឋភាព សំខាន់ៗនៃអន្តរកាលថាមពលស្អាត រួមមានហិរញ្ញប្បទាន ប្រព័ន្ធស្តុកថាមពល ការធ្វើទំនើបកម្មបណ្តាញអគ្គិសនី និងការអនុវត្តល្អៗក្នុងការអនុវត្តប្រសិទ្ធភាពថាមពល។

​លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា​ ថ្លែងថា ​ក្នុងនាមជាសហស្ថាបនិកនៃសប្តាហ៍ថាមពលស្អាត អូស្ត្រាលីពិតជាមានមោទនភាពក្នុងការគាំទ្រវិស័យថាមពលស្អាតនៅកម្ពុជា។សប្តាហ៍ថាមពលស្អាតគឺជាវេទិកាសំខាន់មួយដើម្បីអបអរសាទរវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់កម្ពុជា និងដើម្បីពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមផ្សេងៗក្នុងអន្តរកាលថាមពលស្អាត។»

​លោកណត្តារុណ ង៉ោ សឺន នាយកប្រចាំប្រទេសរបស់អង្គការអេននឺជីឡេប មានប្រសាសន៍ថា «សប្តាហ៍ថាមពលស្អាតបាន បង្ហាញពីវិធីជាច្រើនដែលកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ពីអន្តរកាលរទៅថាមពលស្អាត។ កិច្ចខិតខំប្រឹងប្រែងរួម និងសកម្មភាពម៉ឺងម៉ាត់ គឺមានសារៈសំខាន់សម្រាប់ការបង្កើតឱកាសការងារថ្មី ការបង្កើនការវិនិយោគហិរញ្ញវត្ថុ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់។ យើងពិតជាមានភាពសោមនស្ស រីករាយក្នុងការបន្តធ្វើការជាមួយនឹងដៃគូនៃសប្តាហ៍ថាមពលស្អាត ដើម្បីសម្រេចបាននូវសក្តានុពលដ៏អស្ចារ្យនេះ។»

​លោកស្រី អាលីហ្សា ឆាកឃឺ អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) លើកឡើងថា «សប្តាហ៍ថាមពលស្អាតនេះ ពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។ កម្មវិធីមួយនេះ បានប្រមូលផ្តុំអ្នកបង្កើតគោលនយោបាយ ដៃគូអភិវឌ្ឍន៍ តំណាងវិស័យ ឯកជន និងអ្នកជំនាញឧស្សាហកម្មមកជួបជុំគ្នាដើម្បីពិភាក្សា និងចែករំលែកការអនុវត្តល្អបំផុត និងទស្សនៈយល់ឃើញ សម្រាប់ពន្លឿនអន្តរកាលថាមពលរបស់កម្ពុជា។

​លោកស្រីបន្តថា «​ការលើកកម្ពស់ថាមពលស្អាតគឺជាទំនួលខុសត្រូវរួម ហើយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក៏សូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើការជាមួយ បណ្តាញដៃគូដ៏ទូលំទូលាយរបស់យើង ដើម្បីគាំទ្រគោលនយោបាយរួម ការផ្ទេរបច្ចេកវិទ្យា និងការផ្លាស់ប្តូរហិរញ្ញវត្ថុ ដែលនឹងកសាងសង្គមមួយដែលមានមនុស្សជាតម្លៃស្នូល និងអព្យាក្រឹតកាបូន ព្រមទាំងរៀបចំឱ្យមានការអភិវឌ្ឍ សេដ្ឋកិច្ចប្រទេសប្រកបដោយចីរភាព»។​

សប្តាហ៍ថាមពលស្អាត ២០២៤ បញ្ចប់ដោយ ពិធីអបអរសាទរបិទកម្មវិធី ដែលជាពេលវេលាដ៏ពិសេសដើម្បីអបអរសាទរ និង ទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរួម និងភាពជាដៃគូក្នុងការជំរុញរបៀបវារៈថាមពលស្អាតរបស់កម្ពុជា។ ពិធីបិទសប្តាហ៍ថាមពលស្អាតនេះ ឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគំនិតផ្តួចផ្តើមមួយចំនួន រួមមានដូចជាផែនទីបង្ហាញផ្លូវស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនីថ្នាក់ជាតិដែលទើបតែចេញផ្សាយថ្មីៗជាដើម ដែល កំពុងតែតម្រង់ដំណើរទៅមុខរបស់កម្ពុជាឱ្យប្រកបដោយនិរន្តរភាព និងភាពធន់។

សប្តាហ៍ថាមពលស្អាតបានបង្ហាញពីវិធីជាច្រើនដែលកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ពីអន្តរកាលថាមពលស្អាត។ តាមរយៈកិច្ចសហការរួមគ្នា ថាមពលស្អាតនឹងបង្កើតការងារ ជំរុញការវិនិយោគ និងកែលម្អជីវភាពរស់នៅ។ ​

សប្តាហ៍ថាមពលស្អាតគឺត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៨ មក ដោយមានប្រទេសអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ជាដៃគូស្ថាបនិក។ ដោយឡែកការបញ្ចប់នៃសប្តាហ៍ថាមពលស្អាត ២០២៤ នេះគឺ បន្សល់ទុកជាស្នាដៃដ៏គំរូមួយ ដែលបំផុសឱ្យ មានសកម្មភាព និងកិច្ចសហការបន្ថែមទៀតនៅគ្រប់វិស័យ ខណៈដែលប្រទេសកម្ពុជាបន្តដំណើរឆ្ពោះទៅរកថាមពលស្អាត៕