(ភ្នំពេញ)៖ មន្ដ្រីអនុរក្សពន្ធនាគារPJ ២នាក់ ដែលមានការធ្វេសប្រហែសធ្វើឲ្យអ្នកទោស ឈ្មោះ សោម ឯក ដែលជាមេក្លោង បង្កើតចលនាខុសច្បាប់ មានទិសដៅចង់ផ្ដូរលំរាជរដ្ឋាភិបាល មានឱកាសរត់គេចខ្លូន ពីមន្ទីរពេទ្យរស្ស៊ីនោះ ស្ថិតក្រោមការស៊ើបអង្កេត ដើម្បីស្វែងរកទោសកំហុស ដាក់ពិន័យ។
ថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១០ ខែតុលានេះ លោកឧត្តមសេនីយ៍ ចាន់ គឹមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «សម្រាប់មន្ដ្រីទាំង២រូបនេះ យើងកំពុងធ្វើការស៊ើបអង្កេត និងសួរនាំ ពាក់ព័ន្ធការទទួលខុសត្រូវការងារ របស់ពួកគេ លើបញ្ហានេះ»។
បើតាមលោកឧត្តមសេនីយ៍ ចាន់ គឹមសេង អ្នកទោស សោម ឯក ត្រូវបានដឹកពីពន្ធនាគារ PJ នៅវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី៦ ខែតុលា មកសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី បន្ទាប់ពីរូបគេ បានដួលនៅក្នុងបន្ទប់ទឹក លុះនៅវេលាម៉ោង១១យប់ ថ្ងៃទី៩ ខែតុលា ក៏បានរត់គេចខ្លួនតែម្ដង។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា នៅពេលនេះ អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ បាននឹងកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីតាមចាប់ អ្នកទោសរូបនេះ ត្រឡប់មកវិញ។
លោក សោម ឯក ហៅ ជា គឹមហ៊ួន ជាអតីតទាហានចូលបំរើការនៅក្រសួងការពារជាតិ តាំងពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ២០០៣។
លោក សោម ឯក ត្រូវបានតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារសរុបចំនួន៤៦ឆ្នាំ។ ក្នុងនោះករណីទី១ ពីបទបង្កើតចលនាកងទ័ពក្បាលខ្លា ដោយខុសច្បាប់ ដែលត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១៨ឆ្នាំ និងមួយករណីទៀត ពីបទបំផ្ទុះគ្រាប់ធ្វើភេវរកម្ម នៅមុខក្រសួងការពារជាតិ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០០៩ ដោយតុលាការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារចំនួន២៨ឆ្នាំ៕