(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនសម្រាប់បម្រើឱ្យការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ និងសម្រេចផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួល និងថែមខ្លឹមសារមួយចំនួន និងបានសម្រេចដូចខាងក្រោម៖
ទី១៖ ឯកភាពលើឯកសារជំនួយស្មារតី សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។
ទី២៖ ឯកភាពលើឯកសារសម្រាប់ផ្សព្វផ្សាយស្តីពីការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ រួមមាន៖
*ទម្រង់ព្រឹត្តិបត្រព័ត៌មាន គ.ជ.ប
*បណ្ណប្រកាសស្តីពីការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ)
*ខិត្តបណ្ណ ស្តីពីការគូសសញ្ញាគាំទ្រលើសន្លឹកឆ្នោត
*ខិត្តបណ្ណ (Poster) គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតលើកទី១ និង
*ស្ទីកគ័រ (Sticker) ស្ដីពីការបោះឆ្នោតលើកទី១។
ទី៣៖ ឯកភាពលើខ្លឹមសារសម្រាប់អប់រំ និងផ្សព្វផ្សាយក្នុងការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ រួមមាន៖
*ខិត្តបណ្ណសំណួរ-ចម្លើយ ចំនួន ១សន្លឹក
*បដាស្តីពីការបោះឆ្នោតលើកទី១ ចំនួន ១សន្លឹក
*ខិត្តបណ្ណ (Poster) គំរូប្លង់ការិយាល័យបោះឆ្នោត ចំនួន ១សន្លឹក
*ខិត្តបណ្ណ (Poster) គំរូសន្លឹកឆ្នោតមិនបានការ ចំនួន ២សន្លឹក
*កូនសៀវភៅផ្នត់ ចំនួន ២សន្លឹក
*ស្ទីកគ័រ (Sticker) ស្តីពីការអញ្ជើញសមាជិកក្រុមប្រឹក្សាសង្កាត់នៅក្នុងមុខតំណែងក្នុងក្របខណ្ឌនៃសង្កាត់ទាំងប្រាំ (ក្រុមប្រឹក្សាសង្កាត់រាម សង្កាត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ) នៃក្រុងកំពង់សោម ទៅចូលរួមបោះឆ្នោតលើកទី១។
និងទី៤៖ ឯកភាពលើសេចក្តីសម្រេចស្តីពី ការផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤។ លទ្ធផលផ្លូវការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ សរុបចំនួន ៩,៩៩២,៤២១នាក់ ស្មើនឹង ៨៩,០៧% ធៀបនឹងចំនួនប៉ាន់ស្មានប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង សរុប១១,២១៨,០៦៩នាក់ ក្នុងនោះស្រីសរុបចំនួន ៥,៣០៤,៨៥៥នាក់ និងចំនួនការិយាល័យបោះឆ្នោតមាន ២៤,១៩០ ការិយាល័យ៕