(ប៉ៃលិន)៖ នាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ បានជួបសួរសុខទុក្ខ និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់គេហដ្ឋានប្រជាពលរដ្ឋជនបទ ចំនួន២០០នាក់ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី នាពេលនេះ ត្រូវទៅចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦នេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាព្វកិច្ចជាពលរដ្ឋល្អ និងដើម្បីចូលរួមធ្វើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក្នុងឆ្នាំ២០១៧ ខាងមុខនេះ។
នាយឧត្តមសេនីយ៍ បញ្ជាក់ដែរថា សូមឲ្យប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត ធ្វើការបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ ថែរក្សាការពារសុខសន្តិភាព ស្ថេរភាព សន្តិភាព និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព សម្រាប់ទុកជូនកូនចៅជំនាន់ក្រោយៗទៀត និងសូមកុំឲ្យចាញ់បោក អ្នកនយោបាយដែលតែងតែ ដើរឃោសនាបោកប្រាស់ ដែលមិនអាចធ្វើបាន និងមិនដែលបានធ្វើអ្វីជូនប្រជាពលរដ្ឋ និងប្រទេសជាតិពិតប្រាកដ។
ឆ្លៀតក្នុងឱកាស លោកក៏ បានចូលរួមរំលែកទុក្ខចំពោះគ្រួសារសព លោក ចាន់ ច្រឹប ដែលជាអតីយុទ្ធជនតស៊ូសម័យសង្រ្គាមលំបាកជាមួយគ្នា នាពេលកន្លងមក និងបានផ្តល់ប្រាក់មរណៈសង្រ្គោះ របស់សមាគមអតីតយុទ្ធជនកម្ពុជា ចំនួន៤លានរៀល រួមនឹងថវិកាលោកស្រី អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន ចំនួន១លានរៀលបន្ថែម ជូនគ្រួសារសព សម្រាប់ដោះស្រាយការលំបាកនាពេលនេះ ផងដែរ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង២០០នាក់ ដែលទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថ្មីនាពេលនេះ កន្លងមក នាយឧត្តមសេនីយ៍ អ៊ី ឈាន បានរៀបចំក្រុមការងារ សហការជាមួយជំនាញ នៃស្នងការនគរបាលខេត្តប៉ៃលិន ចុះចល័តធ្វើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយលោក និងលោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន បង់ថ្លៃសេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនទាំងស្រុង៕