(កំពត)៖ លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានស្នើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសមាគមនារី ត្រូវពង្រឹងសាមគ្គីភាព សហការគ្នាឱ្យបានល្អ និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ព្រមទាំងចូលរួមលើកកម្ពស់ ថែរក្សានូវសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកំពត បានកសាងឡើង សម្រាប់ទុកឲ្យយុវជន និងកូនចៅជំនាន់ក្រោយ បានដឹង និងរក្សាបន្ត។

លោកស្រី ហ៊ុន ចាន់ធី បានលើកឡើងបែបនេះនៅក្នុងពិធីសំណេះសំណាល និងឧបត្ថម្ភក្រណាត់ សម្រាប់កាត់សំលៀកបំពាក់ប្រពៃណី ត្រៀមចូលរួមពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ នៅខេត្តកំពត ដែលពិធីសំណេះសំណាលនេះ បានប្រព្រឹត្តធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពត។

លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន បបានលើកឡើងទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឆ្លាតវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពិតជាបាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍន៍ ជូនប្រទេសជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ដោយឡែកសម្រាប់ខេត្តកំពត ក្រោមកិច្ចខិតខំដឹកនាំរបស់លោកអភិបាលខេត្ត ម៉ៅ ធនិន គឺលោកតែងតែគិតគូរ និងយកចិត្តដាក់ ចំពោះសុខទុក្ខរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្មករគ្រប់ថ្នាក់ ដែលបាននិងកំពុងបំពេញការងារនៅសាលាខេត្ត រួមទាំងសមាជិកាសមាគមនារីផងដែរ។

ពិសេសទៅទៀត លោកអភិបាលខេត្ត បានគិតគូរដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងគ្រប់មូលដ្ឋាន ក៏ដូចជាការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ព្រមទាំងបានខិតខំអភិវឌ្ឍន៍ខេត្ត ឲ្យមានការផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័ស ជាក់ស្តែងដូចជា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឆ្នេរខ្សាច់កម្សាន្តជាច្រើនកន្លែង រូបសំណាកសេះសមុទ្រ និងនាឡិកាធំ ដែលខ្ពស់ជាងគេជាដើម។

លោកស្រីប្រធាន ក៏បានស្នើដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធទាំងអស់ ជួយផុស និងផ្សព្វផ្សាយ ក្នុងបណ្តាញសង្គមនូវសមិទ្ធនានា ដែលរដ្ឋបាលខេត្តកំពត បានរៀបចំ និងកសាងឡើង សំដៅជួយលើកកម្ពស់ សេដ្ឋកិច្ចរបស់ពលរដ្ឋ និងការរីកចម្រើនរបស់ខេត្ត ជាពិសេសបង្ហាញសកម្មភាព ទិដ្ឋភាពនៃការរៀបចំតុបតែងលម្អ នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត សម្រាប់ត្រៀមពិធី បុណ្យសមុទ្រ ដែលនឹងប្រារព្ធធ្វើនៅខេត្តកំពតនាថ្ងៃទី១៣-១៤-១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ឲ្យបានច្រើន ព្រោះពិធីនេះជាមោទកភាព មួយសម្រាប់ខេត្តកំពត។

ក្នុងឱកាសនោះ លោកស្រីប្រធាន ក៏បានចែកក្រណាត់ដល់ក្រុមប្រឹក្សាខេត្ត និងលោកស្រី ៥០រូប, គណៈអភិបាលខេត្ត និងលោកស្រី ៣០រូប, មន្ត្រីសាលាខេត្ត ២១០រូប, អភិបាលក្រុង-ស្រុក និងភរិយា២០រូប និងសមាគមន៍នារី ៦០រូប គឺក្នុងម្នាក់ៗទទួលបានក្រណាត់ ៣ក្បីន សរុបទាំងអស់ចំនួន១១១០ក្បិន៕