(កំពង់ធំ)៖ ប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ៦០មីលីម៉ែត្រនៅជាប់ព្រំរបងតាមផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងភូមិប្រាសាទអណ្ដែត ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ, លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងត្រូវរាយការណ៍ទៅអាជ្ញាធរពេលប្រទះឃើញគ្រាប់ទាំងនេះ។
ថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ស៊ិន វណ្ណវុឌ្ឍ បានឱ្យដឹងថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ៦០មីលីម៉ែត្រនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅជាប់ព្រំរបងតាមផ្លូវធ្វើដំណើរក្នុងភូមិប្រាសាទអណ្ដែត ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ក្រោយពីទទួលព័ត៌មានភ្លាមរូបលោក និងក្រុមការងារបានចុះទៅពិនិត្យដល់ទីតាំង ឃើញមានស្ថានភាពច្រេះ តែខាងក្រៅ តែអាចមានឥទ្ធិពលបង្កហានិភ័យគ្រោះថ្នាក់បានប្រសិនបើវាមានការប៉ះទង្គិច។
ជាមួយគ្នានេះលោកបានចាត់កម្លាំងបានរៀបចំហ៊ុំព័ទ្ធទីកន្លែងដាក់សញ្ញាគ្រោះថ្នាក់ ដើម្បីរាយការណ៍ទៅភ្នាក់ងារបោសសំអាតយុទ្ធភណ្ឌមិនទាន់ផ្ទុះមកទទួលយក ។
លោកបានបន្តទៀតថា បើសិនជាបងប្អូនប្រទះឃើញយុទ្ធភ័ណ្ឌដែលមិនទាន់ផ្ទុះផ្សេងទៀត សូមរាយការណ៍មកអាជ្ញាធរជាបន្ទាន់ដើម្បីឲ្យអាជ្ញាធរបានទទួលព័ត៌មាន និងរាយការណ៍ទៅចាត់ការបន្ត៕