(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញពីការត្រៀមកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងចំណុះទូកនៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅក្នុងរាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឱ្យដឹងថា អគ្គស្នងការនគរបាលជាតិ ជាគណៈកម្មការការពាររក្សាសន្ដិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ បានរៀបចំផែនការយ៉ាងល្អិតល្អន់ ដើម្បីការពារ សុវត្ថិភាព នៅក្នុងឱកាសរៀបចំព្រះរាជពិធីនេះ។ ដោយក្នុងនោះគឺមានគោលដៅសំខាន់ៗជាច្រើន ដែលចាំបាច់ត្រូវតែរៀបចំផែនការឱ្យបានច្បាស់លាស់ ដើម្បីការពារ ក្នុងនោះមានគោលដៅអាទិភាពចំនួន៨ជាដើម។

កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង១ម៉ឺន៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកផងដែរ៕

សូមស្តាប់ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ដូចខាងក្រោម៖