(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ បានរៀបចំសិក្ខាសាលាមួយ ដើម្បីចែករំលែកបទពិសោធន៍ ភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ របស់សិង្ហបុរី ត្រូវបានលើកយកមកបង្ហាញ ដល់មន្រ្តីកម្ពុជាថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ២៥រូប មកពី ២១ក្រសួងស្ថាប័ន។
សិក្ខាសាលាចែករំលែកបទពិសោធន៍ បានធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មានការចូលរួមពីលោក Michael Tan ឯកអគ្គរដ្ឋទូតសឹង្ហបូរី ប្រចាំនៅកម្ពុជា, លោក Benedict Cheong នាយកប្រតិ បត្ដិ នៃមូលនិធិតេម៉ាសេកអន្តរជាតិ និង លោកសាស្ដ្រាចារ្យ Freddy Boey សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ បច្ចេកវិទ្យាណាន់យ៉ាង នៃប្រទេសសឹង្ហបូរី។
លោក Benedict Cheong នាយកប្រតិបត្ដិនៃមូលនិធិតេម៉ាសេកអន្តរជាតិ បានគូសបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលនេះ ជាឧទាហរណ៍មួយ នៃការទាក់ទាញធនធាន និងជំរុញថ្នាក់ដឹកនាំ ដើម្បីចែករំលែក និង ផ្លាស់ប្តូរចំណេះដឹងលើការងារ ពង្រឹងស្ថាប័នសាធារណៈ និងការបង្កើតឡើងនូវឧត្តមានុវត្តន៍ នៅក្នុងគោលនយោបាយសាធារណៈ, រដ្ឋបាល និង អភិបាលកិច្ច។
លោកបានបន្ថែមថា កិច្ចសហការរវាងវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាកលវិទ្យាល័យបច្ចេកវិទ្យាណាន់យ៉ាង កាលពីដំណាក់កាលទី១ (២០១៤-២០១៥) បានទទួលលទ្ធផលវិជ្ជមាន ជាច្រើនដូចជា ការពង្រឹងនិងបង្កើតក្របខ័ណ្ឌស្ថាប័ន សម្រាប់ឆ្លើយតបទៅនឹងអភិបាលកិច្ច និងការបង្កើនផលិតភាព ការងារជាដើម។ លោកថា នេះគឺជារឿងមួយគួរឲ្យរីករាយដែលកម្មវិធីទី១ បានទទួលជោគ ជ័យខ្ពស់ ហើយលោកជឿជាក់ថា កម្មវិធីទី២នេះនឹងបន្តទទួលជោគជ័យថ្មីៗថែមទៀត។
លោកសាស្ដ្រាចារ្យ Freddy Boey សាកលវិទ្យាធិការរង នៃសកលវិទ្យាល័យ បច្ចេកវិទ្យាណាន់យ៉ាង ក៏បានគូសបញ្ជាក់ផងដែរថា កម្មវិធីនេះ ត្រូវបានរៀបចំឡើងសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងចែករំលែក ចំណេះដឹងពីទស្សនទាន និងការអនុវត្តថ្មីៗលើភាពជាអ្នកដឹកនាំនៅក្នុងវិស័យសាធារណៈ និងអភិបាលកិច្ច ដោយផ្អែកលើបទពិសោធន៍ របស់ប្រទេសសឹង្ហបូរី ដែលនឹងអាចចូលរួមចំណែកជួយ ដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា សម្រាប់ពេលអនាគត។
ថ្លែងក្នុងពិធីនោះ លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានយកចិត្តទុកដាក់ជានិច្ចក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាព ធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអនុវត្តបេសកកម្ម និង តួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការគ្រប់គ្រងក្របខ័ណ្ឌ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច, ការកែលម្អប្រព័ន្ធថវិកា, ទំនើបកម្មប្រព័ន្ធពន្ធដារ, ការកែលម្អប្រព័ន្ធគណ-នេយ្យសាធារណៈ, ការកសាងប្រព័ន្ធសវនកម្ម, ឯកជនភាវូបនីយកម្មសហគ្រាសសាធារណៈ, ការពង្រឹងការគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋ និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ដែលអនុគ្រោះដល់ ការលូតលាស់លើគ្រប់វិស័យ ពិសេស ទទួលបាននូវកំណើនសេដ្ឋកិច្ចជាង ៧ % ជាប់ៗគ្នា ក្នុងរយៈពេលជាងមួយទសវត្សរ៍ ចុងក្រោយនេះ ។
ជោគជ័យនេះគឺមូលដ្ឋានដ៏រឹងមាំ សម្រាប់ទ្រទ្រង់ការអនុវត្តកម្មវិធី និងគោលនយោបាយជាឤទិភាព សំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឆ្លើយតបទៅនឹងសេចក្តីត្រូវ និងបំណងប្រាថ្នា របស់ប្រជាជន ។
ទន្ទឹមនឹងនេះ លោកបណ្ឌិតរដ្ឋលេខាធិការ បានគាំទ្រនូវលទ្ធផលនៃការវាយតម្លៃតម្រូវការ នៃការបណ្តុះបណ្តាល ដែលបង្ហាញថា ការពង្រឹង និង អភិវឌ្ឍសមត្ថភាពធនធានមនុស្ស មិនត្រឹមតែត្រូវយកចិត្តទុកដាក់លើ កកម្ពស់សមត្ថភាព ចំញេះមន្ត្រីរាជការជំនាញ ក្នុងកម្រិតបច្ចេកទេស និង មន្ត្រីគ្រប់គ្រងរដ្ឋបាលប៉ុណ្ណោះទេ លើសពីនេះ គឺត្រូវគិតគូរយកចិត្តទុកដាក់បន្ថែមទៀត ចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រាជរដ្ឋាភិបាល ដើម្បីឤចធានាបាន នូវចីរភាព និង ប្រសិទ្ធភាព នៃការអនុវតក្តម្មវិធីកែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាល ដូចជា កំណែទម្រង់ច្បាប់និងប្រព័ន្ធតុលាការ, កំណែទម្រង់ដីធ្លី, កំណែទម្រង់រដ្ឋបាល សាធារណៈ និង កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈជាដើម ។
លោក ហ៊ាន សាហ៊ីប បានសម្តែងការគាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបតិ្តការរវាងសាកលវិទ្យាល័យ បច្ចេកវិទ្យាណាន់យ៉ាង របស់ប្រទេសសឹង្ហបូរី និងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញវ្ញត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការបន្តរៀបចំកម្មសិក្ខាសាលា ដ៏មានសារសំខាន់ នៅពេលនេះ និង បានលើកទឹកចិត្តដល់សិក្ខាកាម ទាំងអស់ឱ្យយកចិត្តទុកដាក់ ចូលរួមឱ្យបានទៀងទាត់ និងផុលផុស ដើម្បីប្រមូលផ្តុំនូវរាល់ចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ ដែលជាមេរៀនល្អៗ របស់ប្រទេសសឹង្ហបូរី សំដៅពូតចម្រាញ់ជា ធាតុចូលសម្រាប់តម្រង់ទិសការអនុវត្ត ការងាររបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធិថែមទៀត នៅពេលត្រឡប់ទៅកាន់កនែ្លងការងាររៀងៗខ្លួនវិញ។
ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតសឹង្ហបូរីប្រចាំកម្ពុជា លោកបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន សាហ៊ីប ក៏បានថ្លែងអរគុណផងដែរចំពោះប្រទេសសឹង្ហបូរី ដែលតែងបានផ្តល់ នូវកិច្ចសហការ និង ការគាំទ្រដល់ការអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជាក្នុងក្របខ័ណ្ឌ នៃការអនុវត្តគំនិតផ្តួចផ្តើមស្តីពី សមាហរណកម្មឤស៊ាន៕