(ស្ទឹងត្រែង-រតនគិរី)៖ អ្នកស្រី សេង យ៉ុម អាយុ៦៩ឆ្នាំ រស់នៅឃុំជលសាល ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានដឹកដៃដន្លងមកពីខេត្តកំពង់ស្ពឺ ធ្វើដំណើរលើចម្ងាយផ្លូវជាង ១ពាន់គីឡូម៉ែត្រ ដើម្បីមើលបង្គោលព្រំដែនដោយផ្ទាល់ភ្នែក ឃើញថាបង្គោលព្រំដែនបោះបានត្រឹមត្រូវ សូមបងប្អូនប្រជាពលរដ្ឋ កុំព្រួយរឿងបាត់ទឹកដីឱ្យសោះ ហើយនឹងប្តេជ្ញានាំសារជូនពលរដ្ឋផ្សេងទៀតឱ្យដឹងរឿងពិត ពីស្ថានភាពព្រំដែន។

ជាមូយគ្នានេះលោកស្រី សេង យ៉ុម និងដន្លង បានបង្ហាញក្តីសប្បាយរីករាយ នៅពេលដែលរាជរដ្ឋាភិបាល បានរៀបចំដំណើរទស្សនកិច្ចប្រជាពលរដ្ឋឱ្យមកលេងកម្សាន្តនៅតាមបន្ទាត់ព្រំដែន ដោយលើឡើងថា នៅក្នុងមួយជីវិតបានមកឃើញព្រំដែនតែម្តង។

ជួបសម្ភាសដោយផ្ទាល់ជាមួយក្រុមការងារព័ត៌មាន Fresh News នៅក្នុងឱកាសចុះទស្សនកិច្ចសិក្សានៅតាមបន្ទាត់ព្រំដែនសឦសាន លើតម្រាយផ្លូវខេត្តរតនគិរី និងខេត្តស្ទឹងត្រែង, លោកស្រី សេង យ៉ុម បានបញ្ជាក់ថា៖ «តាំងពីខ្ញុំកើតមករហូតអាយុ៦៨ ចូលអាយុ៦៩ឆ្នាំហើយ តែខ្ញុំមិនដែលបានស្គាល់ទេទឹកដីព្រំដែន លឺសូរតែគេថាទឹកដី ព្រំដែនគេយកកន្លែងនេះ កន្លែងនោះ ឥឡូវខ្ញុំមកមើលឃើញជាក់ស្តែងផ្ទាល់ខ្លួនឯង ទើបដឹងថា ស្ថានភាពយ៉ាងម៉េច​ទឹកចិត្តខ្ញុំ និងពលរដ្ឋរីករាយ ព្រោះការឃោសនាដែលយើងបានលឺគឺខុសពីការពិត»

លោកស្រី សេង យ៉ុម បានអះអាងថា បន្ទាប់ពីបានឃើញរឿងពិតនៅតាមបង្គោលព្រំដែន នឹងបន្តពាំនាំរឿងទាំងនេះប្រាប់ដល់កូនចៅ ព្រមទាំងសាច់ញាតិ សូមកុំភ័ន្តច្រឡំ និងឈប់ជឿលើការឃោសនាបោកប្រាស់របស់ ក្រុមប្រឆាំងថាបង្គោលព្រំដែន មួយថ្ងៃត្រូវរំកិលបន្តិចចូលប្រទេសជិតខាងតទៅទៀត។

ស្ត្រីវ័យចំណាស់រូបនេះ ក៏បានប្តេជ្ញាចិត្តគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱ្យបន្តដឹកនាំប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនកាន់តែខ្លាំងបន្ថែមទៀត។

គួរជម្រាបថា នៅក្នុងដំណើរចូលរួមទស្សនកិច្ចសិក្សាស្វែងយល់ ទិសឦសាន សម្រាប់ជើងទី៨ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋជាង២០០នាក់ បានបន្តចូលរួមធ្វើទស្សនកិច្ចនៅបង្គោលព្រំដែនលេខ៣០ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ ខេត្តរតនគិរី និងនៅបង្គោលព្រំដែនច្រកទ្វារ អន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន ដើម្បីស្វែងយល់ពីការពិតជាក់ស្វែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា។

សូមរំលឹកជូនថា ដំណើរទស្សនកិច្ចនេះត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានងាយៗតាមការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕

សូមស្តាប់ការលើកឡើងដូចខាងក្រោម៖