(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណចំពោះ លោក ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្ញើសារជូនពរសម្តេច នៅក្នុងឱកាសនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវា បុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៤)។

តាមរយៈសារលិខិតនេះ សម្តេចរដ្ឋសភាធិបតី បានបញ្ជាក់ថា៖ «កម្ពុជានិងវៀតណាមជាបងប្អូនល្អ អ្នកជិតខាងល្អ និងដៃគូដ៏រឹងមាំ។ យើងមានទំនាក់ទំនងជាប្រវត្តិសាស្ត្រ ដោយឈរលើគោលការណ៍គោរពគ្នា យោគយល់គ្នា ជឿទុកចិត្តគ្នា និងយកប្រជាជនជាស្នូល ដោយប្តេជ្ញា ថែរក្សាចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែងឱ្យកាន់តែរឹងមាំថែមទៀត»

សម្តេចជឿជាក់ថា ចំណងមិត្តភាពនេះនឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍រួមដល់ប្រជាជាតិ និងប្រជាជនយើងទាំងពីរ ក៏ដូចជារួមចំណែកដល់ការ ថែរក្សា ពង្រឹងសន្តិសុខ សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក។ សម្តេចក៏ទន្ទឹងរង់ចាំការពិភាក្សាការងារ និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់វត្តមានដ៏ថ្លៃថ្លារបស់លោកប្រធាន និងសហការី ក្នុងព្រឹត្តការណ៍ចំនួន ៤ នៅកម្ពុជា រួមមាន៖ ដំណើរទស្សនកិច្ចផ្លូវការ ពិធីសម្ពោធអគារ រដ្ឋបាលថ្មីនៃរដ្ឋសភា កិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព និងសន្និសីទអន្តរជាតិលើកទី១២ នៃគណបក្សនយោបាយអាស៊ី នាពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រឹងទំនាក់ទំនងការទូតសភា រវាងស្ថាប័ននីតិប្បញ្ញត្តិរបស់យើងទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត។

សម្តេចសូមជូនពរ លោកប្រធាន សហការី និងប្រជាជនវៀតណាមទាំងអស់មានសុខភាព ល្អបរិបូរណ៍ និងជ័យជម្នះគ្រប់ភារកិច្ច ព្រមទាំងទទួលបាននូវសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពជាដរាប៕