(សៀមរាប)៖ កម្ពុជា-ចិនរៀបចំសន្និសីទខេត្ត-ក្រុងមេត្រីភាព ក្រោមប្រធានបទ «កម្ពុជា-ចិន រួមគ្នាសរសេរជំពូកថ្មីនៃសហគមន៍ជោគវាសនារួម» ដែលជាឱកាសជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរួមគ្នាជំរុញការអភិវឌ្ឍស្របតាមអនុសាសន៍ និងស្មារតីរបស់ថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ។
សន្និសីទខេត្ត-ក្រុងមេត្រីភាពកម្ពុជា-ចិននេះ ធ្វើឡើងក្រោមអធិបតីភាពលោក ឯក សំអុល សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ដោយមានការចូលរួមពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក យ៉ាង វ័នមីង លោក Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ប្រធានសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស លោក ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប។
សន្និសីទខេត្ត-ក្រុងមេត្រីភាពកម្ពុជា-ចិន គឺដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរួមគ្នាជំរុញការអភិវឌ្ឍស្របតាមអនុសាសន៍ និងស្មារតីរបស់ថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ ក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន កម្រិតស្តង់ដារខ្ពស់ក្នុងយុគសម័យឌីជីថល និងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគទេសចរណ៍ដើម្បីអនាគតកាន់តែល្អប្រសើរ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំនូវព្រឹត្តិការណ៍នេះ ពិតជាឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសកម្ពុជានិងចិន ពិសេសកិច្ចសហការដ៏ល្អរវាងសមាគមមិត្តភាពកម្ពុជា-ចិន និងសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស ក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន និងការរួមចំណែកយ៉ាងសកម្មដល់ការអនុវត្តយុទ្ធសាស្ត្រខ្សែក្រវាត់និងផ្លូវ។
លោករដ្ឋមន្ត្រីបានស្នើសមាគមមិត្តភាពកម្ពុជា-ចិន និងសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស បន្តជំរុញកិច្ចសហការនិងសាមគ្គីភាពរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ចិនឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត និងជំរុញការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍កម្ពុជាទៅដល់ប្រជាជនចិន ជាពិសេសខេត្ដសៀមរាប «ដែនដីអច្ឆរិយៈ» និងជាគោលដៅទេសចរណ៍ប្រកបដោយសក្ដានុពលរបស់កម្ពុជា៕