(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតថ្លែងអំណរគុណ លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភា សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលផ្ញើសារលិខិតអបអរសាទរ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមលិខិតថ្លែងអំណរគុណ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះចំពោះសារលិខិតអបអរសាទររបស់ ឯកឧត្តម ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលកម្ពុជា និងវៀតណាម មានការអភិវឌ្ឍប្រកបដោយផ្លែផ្កានៃទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពយ៉ាងជិតស្និទ្ធ ព្រមទាំងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ដែលបាននាំមកនូវផលប្រយោជន៍ទៅវិញទៅមក យ៉ាងធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនយើងទាំងពីរ»។
ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ត្រឹន ថាញ់មិន និងរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពង្រឹងនិងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសភាទ្វេភាគី និងពហុភាគី និងដើម្បី លើកកម្ពស់ទំនាក់ទំនងដែលមានស្រាប់របស់យើងក្រោមគោលការណ៍នៃ «ភាពជាអ្នកជិតខាងល្អ ចំណង មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»៕