(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីតួនាទីសំខាន់របស់សហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្រ្តី ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា និងបានលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្ត្រី ឱ្យចាប់យកទីផ្សារតំបន់ និងពិភពលោក។
ការលើកឡើងរបស់ លោក ហែម វណ្ណឌី ធ្វើឡើងនៅក្នុងពិធីបិទទិវាសហគ្រិនស្ត្រីកម្ពុជាឆ្នាំ២០២៤ ក្រោមប្រធានបទ «ការពង្រឹងភាពអង់អាចស្ត្រីក្នុងសេដ្ឋកិច្ចបៃតង»ដែលបានរៀបចំឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងឱកាសនេះ លោកបានរំលេចពីការរួមចំណែកកាន់តែសំខាន់របស់ស្ត្រីនៅក្នុងវិស័យធុរកិច្ច ជាពិសេសក្នុងសហគ្រាសធុនតូច និងមធ្យម និងបានលើកឡើងថា៖ «ការលើកកម្ពស់សហគ្រិនភាពស្រី្តតម្រូវឱ្យមានការប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ តាមរយៈសមាហរណកម្មអាជីវកម្មរបស់ពួកគេទៅក្នុងខ្សែច្រវាក់តម្លៃក្នុងតំបន់ និងសកលលោក ដោយប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសក្តានុពលធនធានក្នុងស្រុក និងការទទួលយកការផ្ទេរបច្ចេកវិទ្យាថ្មីៗ»។
តាមលទ្ធផលជំរឿនឆ្នាំ២០២២របស់ក្រសួងផែនការ អង្គភាពសេដ្ឋកិច្ចចំនួន ៦៩.២% នៅកម្ពុជា កំពុងដឹកនាំដោយសហគ្រិនស្ត្រី។ ជាមួយនឹងការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ ៦% សម្រាប់ឆ្នាំ២០២៤ ដោយមានការគាំទ្រពីវិស័យសំខាន់ៗ ដូចជាឧស្សាហកម្មនាំចេញសម្លៀកបំពាក់ កម្មន្តសាលមិនមែនកាត់ដេរ កសិកម្ម ទេសចរណ៍ និងពាណិជ្ជកម្មដែលកំពុងងើបឡើងវិញ។ លោក ហែម វណ្ណឌី បានលើកឡើងថា សហគ្រិនស្ត្រីជាតួអង្គសំខាន់ក្នុងការរក្សានិន្នាការកំណើននេះ។
រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន សំដៅគាំទ្រសហគ្រិនស្ត្រី ដោយផ្តោតលើការលើកកម្ពស់ផលិតភាព ការពង្រីកទីផ្សារ និងលទ្ធភាពទទួលបានហិរញ្ញប្បទានចាំបាច់ ដើម្បីកំណើធុរកិច្ច។ ថ្នាលបច្ចេកវិទ្យាដូចជា ASEANAccess និង KhmerSME ត្រូវបានបង្កើតឡើងដើម្បីផ្តល់ព័ត៌មានអាជីវកម្មសំខាន់ៗក្នុងតំបន់ដល់សហគ្រាសធុនតូច និងមធ្យម ដោយផ្តល់ជូនពួកគេនូវឧបករណ៍ និងធនធានចាំបាច់សម្រាប់ភាពជោគជ័យ និងកំណើនប្រកបដោយនិរន្តរភាព។
ថ្លែងទៅកាន់អង្គពិធីនេះ លោក ហែម វណ្ណឌី បានអំពាវនាវដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យប្រើប្រាស់ការចុះបញ្ជី និងខិតខំបំពេញអនុលោមភាព ដើម្បីពង្រីកលទ្ធភាពទទួលបានការគាំទ្រ, រួមចំណែកដល់ការបង្កើតគោលនយោបាយ និងវិធានការចំគោលដៅ, ព្រមទាំងបង្កើនភាពធន់ និងកំណើនអាជីវកម្មរយៈពេលវែងរបស់ខ្លួន៕