(សៅប៉ូឡូ, ប្រេស៉ីល)៖ លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News និងលោកបណ្ឌិត គិន ភា តំណាងធនាគារខួរក្បាល (Think Tank) នៃរាជបណ្ឌិត្យសភាកម្ពុជា បានទៅចូលរួមវេទិកា Global South Media and Think Tank លើកទី១ នៅទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៉ីល ចំនួន ២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៤។
វេទិកា Global South Media and Think Tank ត្រូវបានរៀបចំលើកទី១ ដោយសារព័ត៌មានរបស់រដ្ឋចិន ស៊ិនហួរ ដែលមានការចូលរួមពីបណ្តាប្រទេសជាង៧០ប្រទេស។
ពិធីបើក ត្រូវបានប្រកាសដោយលោក Fu Hua ប្រធានប្រតិបត្តិនៃវេទិកា ប្រព័ន្ធផ្សព្វផ្សាយ និងធនាគារខួរក្បាល នៃពិភពលោកភាគខាងត្បូង និងជាប្រធានទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ
វេទិកាដ៏សំខាន់នេះ ធ្វើឡើងក្រោមអធិបតីភាព លោក Hu Heping អនុប្រធានប្រតិបត្តិ គណៈឃោសនា នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន និងមានការចូលរួមពី លោក Richard Back រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងកិច្ចការ ប្រធានាធិបតីប្រេស៊ីល ព្រមទាំងមេដឹកនាំស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងធនាគារខួរក្បាល មកពីជុំវិញពិភពលោក ប្រមាណ១៧០ស្ថាប័ន មកពីជាង៧០ប្រទេសលើសកលលោក សរុបប្រមាណជាង៣៥០នាក់។