(ឧត្តរមានជ័យ)៖ លោកវរសេនីយ៍ឯក គឹម សុផាត នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិជាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជំនួសលោកឧត្តមសេនីយ៍ត្រី យូ សុទ្ធារិទ្ធ ដែលត្រូវផ្ទេរភារកិច្ចទៅកាន់តំណែងជាអនុប្រធាននាយកដ្ឋាននៃនាយកដ្ឋានអន្តោប្រវេសន៍ច្រកទ្វារទី១។
ពិធីនេះស្ថិតក្រោមវត្តមាននាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
នៅក្នុងឱកាសនេះនាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ បានអបអរសាទរ ចំពោះលោកវរសេនីយ៍ឯក គឹម សុផាត ដែលត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្ត តែងតាំងជានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកព្រំដែនអន្តរជាតិជាំ និងសូមអបអរសាទលោកឧត្តមសេនីយ៍ត្រី យូ សុទ្ធារិទ្ធ ដែលត្រូវផ្លាស់ប្តូរ និងតែងតាំងជាអនុប្រធាននាយកដ្ឋានអន្តោប្រវេសន៍ច្រកទ្វារទី១។
នាយឧត្តមសេនីយ៍ ឃុន សំបូរ ក៏បានថ្លែងណែនាំដល់មន្ត្រីអន្តោប្រវេសន៍ពីបញ្ហាអត្តចរិត ដោយយើងទទួលការងារជំនាញ ការងារសន្តិសុខហើយ ប៉ុន្តែក៏ត្រូវធ្វើបដិសណ្ឋារកិច្ចដែរ កុំឱ្យមានសំដីធំ សំដីតូចដល់អ្នកធ្វើដំណើរ កុំឱ្យមានការលើកឡើងថាយើងមិនមានបដិសណ្ឋារកិច្ចល្អ ចំពោះអ្នកដំណើរចេញ ចូល តាមច្រកនេះ ធ្វើយ៉ាងណាឱ្យគាត់សប្បាយចិត្ត តែកុំភ្លេចជំនាញរបស់យើង គឺការងារអន្តោប្រវេសន៍ផង និងការងារសន្តិសុខផង។
លោកនាយឧត្តមសេនីយ៍អគ្គនាយរង ក៏បានថ្លែងជំរុញលោកនាយប៉ុស្តិ៍ថ្មី ត្រូវមានការត្រួតពិនិត្យវត្តមានរបស់មន្ត្រី គ្រប់គ្រងកម្លាំងឱ្យបានល្អ កុំឱ្យមានការធ្វេសប្រហែសឱ្យសោះ ត្រូវមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អ ដើម្បីឱ្យការងារអង្គភាពទទួលបានជោគជ័យ ពិសេសត្រូវធ្វើការសហការជាមួយអង្គភាពពាក់ព័ន្ធនានានៅច្រកទ្វារព្រំដែន និងជាអាជ្ញាធរដែនដីឱ្យបានល្អ៕