(សៀមរាប)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងរៀបចំកិច្ចប្រជុំកំពូលសៀរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន និងរៀបចំព្រឹត្តិការណ៍ពិសេសៗមួយចំនួន សម្រាប់ទទួលស្វាគមន៍គណៈប្រតិភូជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា រដ្ឋមិនមែនភាគី និងអង្គការសន្តរជាតិជុំវិញពិភពលោក ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់ និងជាប្រវត្តិសាស្រ្ត ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីពិភពលោកមួយដែលគ្មានមីន។
ក្នុងដំណើរចុះពិនិត្យទីតាំងនេះ ទេសរដ្ឋមន្រ្តី លី ធុជ បានជំរុញ និងលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមសហការគ្នាដើម្បីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ឱ្យបានល្អប្រសើរ និងធានាសុវត្តិភាពឱ្យបានគ្រប់ជ្រុងជ្រោយ។
គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ មានគណៈប្រតិភូមកពីជុំវិញពិភពលោកចំនួន ៥២៣ នាក់ បានបញ្ជាក់ពីការចូលរួមរបស់ខ្លួនក្នុងកិច្ចប្រជុំកំពូល និងព្រឹត្តិការណ៍ពិសេសៗដែលកម្ពុជាបានរៀបចំ។ ជាមួយគ្នានេះ ស្ថានទូត និងកុងស៊ុលកិត្តិយសចំនួន ១៥ ព្រមទាំងដៃគូអភិវឌ្ឍន៍ប្រចាំនៅកម្ពុជាជាច្រើន បានបញ្ជាក់ពីការចូលរួមផងដែរ៕