(បាត់ដំបង)៖ ក្រោមការផ្តួចផ្តើមរបស់លោក កើត រិទ្ធិ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង សហការជាមួយក្រុមគ្រូពេទ្យមនុស្សធម៌របស់ក្រុមវេជ្ជបណ្ឌិត តៃជុង ហ៊ួយឡាយ (តៃវ៉ាន់) ដែលដឹកនាំមកដោយលោកឧកញ៉ា ជឹង ធាន សេង បានចុះពិនិត្យនិងព្យាបាលជំងឺជូនពលរដ្ឋចំនួន៦០០នាក់ មកពីឃុំឃុំព្រែកនរិន្ទ និងឃុំពាមឯក នៃស្រុកឯកភ្នំ។
ការចុះព្យាលជំងឺជូនប្រជាពលរដ្ឋបានធ្វើឡើងរយ:ពេលពេញ១ថ្ងៃ គឺថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងនៅបរិវេណអនុវិទ្យាល័យពាមឯកស្ថិត នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងកម្មវិធីសប្បុរសធម៌ ព្រមទាំងមានកិច្ចសហការពីលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ និងមន្រ្តីរាជការរដ្ឋបាលស្រុកទាំងអស់បានយកចិត្តទុក និងស្វាគមន៍បង្កលក្ខណៈឲ្យក្រុមគ្រូពេទ្យមានទីតាំងធ្វើការងារនេះប្រកបដោយជោគជ័យ។
លោកអភិបាលខេត្តបានថ្លែងអំណរគុណលោក កើត រិទ្ធ ដែលបានកៀរគរក្រុមគ្រូពេទ្យមនុស្សធម៌មកព្យាលជូនពលរដ្ឋដោឥតគិតថ្លៃនៅស្រុកឯកភ្នំ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យមនុស្សធម៌នេះផងដែរ ដែលបានដឹកនាំក្រុមការងារ មកចុះជួយព្យាបាលប្រជាពលរដ្ឋ៦០០នាក់ខាងលើ។
ដើម្បីជាការអរគុណ លោក សុខ លូ ក៏បានជូនប័ណ្ណថ្លែងអំណរគុណ និងជូនវត្ថុអានុស្សាវរីយ៍ដល់ក្រុមគ្រូពេទ្យមនុស្សធម៌ក្នុងឱកាសនោះផងដែរ៕