(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជួបពិភាក្សាជាមួយលោកស្រី Ulko Kocaefe ឯកអគ្គរដ្ឋទូត និងលោកវរនាវីឯក Levent YILMAZ ប្រធានការិយាល័យអនុព័ន្ធយោធា នៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជា ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីបញ្ជាការ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។

ការមកសម្តែងការគួរសម និងពិភាក្សាការងារថ្ងៃនេះ គឺជាការពង្រឹង និងពង្រីកការទំនាក់ទំនងរវាងសាធារណរដ្ឋតួកគី និងព្រះរាជាណាចក្រកម្ពុជា និងរវាងកងទ័ពយើងទាំងពីរឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀត។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ចាប់តាំងពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឆ្នាំ២០១៩ រដ្ឋាភិបាលប្រទេសទាំងពីរបានជំរុញ និងបង្កើនការទំនាក់ទំនងគ្នាក្នុងការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ការផ្លាស់ប្តូរព័ត៌មានផ្នែកចារកម្ម ការបណ្តុះបណ្តាលធនធានមនុស្ស និងវិស័យឧស្សាហកម្មយោធាជាដើម។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា នៅឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគី ប្រមុខការពារជាតិនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ចំពោះសភាពកាណ៍ដែលកើតមានឡើងក្នុងពិភពលោក និងជំរុញអនុវត្តតាមថ្នាក់ដឹកនាំប្រទេសទាំងពីរ បានឯកភាពគ្នាកន្លងមក ប៉ុន្តែ ការទំនាក់ទំនង និងការអនុវត្តតាមថ្នាក់ដឹកនាំថ្នាក់ដឹកនាំយើងទាំងពីរបានពន្យាពេល ដោយការរាតត្បាតជំងឺកូវីដ១៩ ហើយក្នុងឆ្នាំ២០២៤នេះ ការទំនាក់ទំនង និងជំរុញការអនុវត្តតាមការឯកភាពគ្នារវាងថ្នាក់ដឹកនាំយើងទាំងពីរក៏ត្រូវតែចាប់ផ្តើម ជាពិសេសក្នុងឱកាសលោកស្រីឯកអគ្គរដ្ឋទូត និងលោកវរនាវីឯក មកចូលជួប និងពិភាក្សាការងារក្នុងពេលនេះ។

ក្នុងជំនួបទ្វេរភាគីរនេះ ភាគីទាំងបានបញ្ជាក់ថា៖ «យើងគួរចាប់ផ្តើមរៀបចំអនុស្សារណៈយោគយល់គ្នា (MOU) រវាងកងទ័ពយើងទាំងពីរ ក្នុងគោលបំណងការបណ្តុះបណ្តាល និងការហ្វឹកហាត់ផ្នែកយោធា ការចូលរួមហ្វឹកហ្វឺនរួមគ្នា ក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយនានា, ការទំនាក់ទំនងផ្នែកអេឡិចត្រូនិក ប្រព័ន្ធព័ត៌មានវិទ្យា ការហ្វឹកហ្វឺនកម្លាំងរក្សាសន្តិភាព និងការពង្រីកផ្នែកឧស្សាហកម្មយោធាជាដើម ព្រមទាំងបន្តការផ្លាស់ប្តូរគណៈប្រតិភូយោធា ទស្សនកិច្ចទៅវិញទៅមក និងការអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍យោធា ដែលកងទ័ពសាធារណរដ្ឋតួកគីបានរៀបចំឡើងដើម្បីផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក»។

ជាថ្មីម្តងទៀត ក្នុងនាមកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សូមស្វាគមន៍ការចូលចួប និងពិភាក្សាការងាររបស់លោកស្រី អ៊ូឃូ ខូចាហ្វេសហ្វេ (Ulko Kocaefe) និងលោកវរនាវីឯក លេវិន យិលម៉ាស (Levent YILMAZ) និងសូមជូនពរលោកស្រី និងលោកវរនាវីឯក ទទួលបានជោគជ័យក្នុងបេសកកម្មការទូត នៅកម្ពុជា៕