(ហ្សាកាតា)៖ ឥណ្ឌូនេស៊ី នៅថ្ងៃចន្ទនេះបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា ខ្លួនមិនទទួលស្គាល់ការទាមទាររបស់ចិន លើតំបន់សមុទ្រចិនខាងត្បូងទេ ទោះបីជាប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិវឌ្ឍន៍ដែនសមុទ្រក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ក្រសួងការបរទេសឥណ្ឌូនេស៊ី បានប្រកាសថា ការទាមទាររបស់ចិន គ្មានមូលដ្ឋានច្បាប់អន្តរជាតិ ហើយកិច្ចព្រមព្រៀងនេះ នឹងមិនប៉ះពាល់ដល់សិទ្ធិអធិបតេយ្យភាពរបស់ឥណ្ឌូនេស៊ី នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនឡើយ។
ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីមានការព្រួយបារម្ភពីអ្នកវិភាគមួយចំនួន ដែលថា កិច្ចព្រមព្រៀងអភិវឌ្ឍន៍ដែនសមុទ្រ អាចនឹងធ្វើឱ្យចិនមានលេស ក្នុងការទាមទារកម្មសិទ្ធិលើតំបន់សមុទ្រចិនខាងត្បូង ដែលជាតំបន់ដែលមានជម្លោះជាមួយប្រទេសជាច្រើន។
ចិន បានអះអាងកម្មសិទ្ធិ ស្ទើរតែទាំងស្រុងលើតំបន់សមុទ្រចិនខាងត្បូង ដោយផ្អែកលើ «បន្ទាត់ប្រាំបួន» ដែលបានកាត់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសជាច្រើន រួមទាំងឥណ្ឌូនេស៊ី។ ប៉ុន្តែ តុលាការមជ្ឈត្តកម្មអន្តរជាតិ បានបដិសេធការទាមទារនេះ កាលពីឆ្នាំ ២០១៦។
ទោះបីជាមានការបដិសេធពីឥណ្ឌូនេស៊ីក៏ដោយ ក៏ចិននៅតែអះអាងថា កិច្ចព្រមព្រៀងនេះ បញ្ជាក់ពីការយល់ស្របរបស់ប្រទេសទាំងពីរ លើការអភិវឌ្ឍន៍រួមគ្នា នៅក្នុងតំបន់ដែនសមុទ្រ ដែលមានជម្លោះ។ ចិន បានបន្ថែមថា ការអភិវឌ្ឍន៍រួមគ្នានេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ៕